ព័ត៌មានជាតិ

ក្មួយ​ថ្លៃ​កាប់​មា​ថ្លៃ​មួយ​កាំបិត​តាំង​តោ​ចំ​សៀតផ្កា​ហូរឈាម​ស្រោច​ខ្លួន​

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ក្មួយ​ថ្លៃ​កាប់​មួយ​កាំបិត​តាំង​តោ​ចំ​សៀតផ្កា​ហូរឈាម​ស្រោច​ខ្លួន​រងរបួស​ធ្ងន់ បន្ទាប់ពី​មាន​ជម្លោះ​ពាក្យសម្តី​គ្នា​មួយ​ប្រាវ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃទី ២៩ កញ្ញា ២០១៤ នៅក្នុង​ហា​លក់​ចាប់ហួយ និង​ការ​ហ្វេ ស្ថិតនៅ​ផ្ទះ​លេខ​៤៩ Eo ផ្លូវ​លេខ​៨៦ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

​ជនសង្ស័យ​ជា​ក្មួយ​ថ្លៃ ឈ្មោះ ធឿន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ ចំណែក​ជនរងគ្រោះ​ជា​មា​ថ្លៃ​ឈ្មោះ​ស សុខុន អាយុ​៥៣​ឆ្នាំ មុខរបរ​រត់​រ៉ុម៉ក​ម៉ូតូ ។ ទាំង​ពីរ​នាក់​រស់នៅ​កន្លែងកើតហេតុ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​ស្រវឹងស្រា​បាន​មក​ដល់​ក្នុង​ហាង​លក់​ចាប់ហួយ​និង​ការ​ហ្វេ របស់​បុរស​ជា​ក្មួយ​ថ្លៃ (​ជនសង្ស័យ​) ហើយ​បាន​និយាយ​ដៀមដាម ដាក់​ក្មួយ​ថ្លៃ ធ្វើ​ឱ្យ​ក្មួយ​ថ្លៃ​ទ្រាំ​មិន​បាន​ក៏​និយាយ​ដៀមដាម​ដាក់​ទៅវិញ រហូត​បង្ក​ទៅជា​ជម្លោះ​ពាក្យសម្តី​កាន់តែ​ខ្លាំង​ហើយ​បុរស​ជា​ក្មួយ​ថ្លៃ បាន​ទាញ​កាំបិត​តាំង​តោ​កាប់​ប្រហារ​ទៅលើ​មា​ថ្លៃ មួយ​កាំបិត​ចំ​សៀតផ្កា​ខាងស្ដាំ ហូរឈាម​ស្រោច​ខ្លួន​របួសធ្ងន់ ។ បន្ទាប់ពី​កាប់​ប្រហារ​ទៅលើ​មា​ថ្លៃ​ហើយ​នោះ បុរស​សង្ស័យ​ក៏​បាន​រត់គេចខ្លួន​បាត់​ស្រមោល ធ្វើ​ឱ្យ​បុរស​ជា​មា​ថ្លៃ ដែល​រង​របួស​ហូរ​ឈាម​ស្រោច​ខ្លួន​ខឹង​ក្តៅក្រហាយ ក៏​ចាប់​ទាញ​សម្ភារ​របស់​ក្មួយ​ថ្លៃ ដែល​មាន​នៅក្នុង​ហាង​ខាង​លើ​ក​បោក​កំទេច​ចោល​តែ​ម្តង ។ តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ឱ្យដឹងថា រវាង​ក្មួយ​ថ្លៃ​និង​មា​ថ្លៃ​មួយគូ​នេះ​គឺ​មាន​ទំនាស់​គ្នា​រយៈពេល​មួយ​ឆ្នាំ​ជាង​មកហើយ ដោយ​ក្មួយ​ថ្លៃ​ខឹង​និង​មា​ថ្លៃ​ថា​ឱ្យ​តែ​ស្រវឹង​មក​រករឿង ក្នុង​ហាង​របស់ខ្លួន ហើយ​យក​បារី​ជក់​មិន​ដែល​សងលុយ​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលម៉ែត​៕
2014-09-30_120117

មតិយោបល់