ព័ត៌មានជាតិ

តាលីបង់ អនុញ្ញាតឲ្យយន្តហោះ របស់ប្រទេសកាតាដឹក ពលរដ្ឋអាមេរិក និងអ្នកមានសិទ្ធស្របច្បាប់ចេញ ពីប្រទេសអាហ្វហ្គានីស្ថាន

អាជ្ញាធរ​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​អនុញ្ញាត​ឲ្យ​យន្តហោះ​របស់​ប្រទេស​កាតាដឹក​មនុស្ស​ចេញ​ពី​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល​ទៅ​ក្រុង​ដូហា ​ប្រទេស​កាតា​ដែល​ជា​យន្តហោះ​ទី១ ​ដឹក​ជន​ភៀស​ខ្លួន​ចេញ ចាប់​តាំង​ពី​សហ​រដ្ឋ​អាមេរិក​បាន​បញ្ចប់​កិច្ច​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា។​

លោក​ស្រី ​Emily Horne ​អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​«នៅ​ថ្ងៃ​នេះ ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​សម្រប​សម្រួល​ឱ្យ​ពលរដ្ឋ​អាមេរិក​ និង​អ្នក​មានសិទ្ធ​រស់​នៅ​ស្រប​ច្បាប់ ​បាន​ចាក​ចេញ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ ​Hamid Karzai ​តាម​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ Qatar Airways។ ​យើង​អាច​បញ្ជាក់​ថា ​ យន្តហោះ​នេះ​ បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅ​ប្រទេស​កាតា»។

លោកស្រី ​Horne ​បាន​បញ្ជាក់​ទៀត​ថា​ សហ​រដ្ឋ​អាមេរិក ​នឹង​បន្ត​ខិតខំសម្រប​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ពល​រដ្ឋ​អាមេរិកាំង​ និង​អ្នក​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់ ​និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​បាន​ធ្វើការ​ឲ្យ​យើង​ បាន​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន»។

ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​និង ​AFP​ បាន​រាយ​ការណ៍​ថា​ យន្តហោះនេះ បាន​ដឹក​អ្នក​ដំណើរ​១១៣​នាក់ ដែល​ក្នុង​នោះ​ មាន​ពលរដ្ឋ​អាមេរិកាំង​ ឬ​អ្នក​មាន​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​២១នាក់ ​ពលរដ្ឋ​កាណាដា​៤៣​នាក់ ​និង​ពលរដ្ឋហូឡង់ ១៣​នាក់។​

ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ បាន​រាយ​ការណ៍​ថា នៅ​ពេល​យន្តហោះ​ចុះចត​នៅ​ទីក្រុង​ដូហា ​ពួក​អ្នក​ដំណើរ ​រួមមាន​កូន​ក្មេង​ជាច្រើន ​បាន​ឡើង​រថយន្ត​ក្រុងទៅ​កន្លែង​រង់ចាំ​ជើង​យន្តហោះ​ទៅ​កាន់​ប្រទេស​របស់​ពួកគេ។​

លោក ​Mutlaq bin Majed al-Qahtani ​បេសក​ជន​ពិសេស​របស់​ប្រទេស​កាតា​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ Hamid Karzai ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ នេះ​មិនមែន​ជា​ជើង​យន្តហោះ​ជម្លៀស​ទេ ​ក៏ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ពលរដ្ឋ​អាមេរិកាំង​ និង​ពលរដ្ឋ​លោក​ខាង​លិច​នៅ​លើ​យន្តហោះ​នោះ។​

បេសកជន​ប្រទេស​កាតា​នេះ​ បាន​និយាយ​ថា​ មាន​យន្តហោះ​មួយ​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ ​ ហើយ​គេ​គួរតែ​គិតថា នេះ​ជា​រឿង​ធម្មតា៕

មតិយោបល់