ភ្នំពេញ ៖ ថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាស ឲ្យប្រធានស្ថាប័ន អង្គភាព ក្រុមហ៊ុនដែលមានបណ្តាញខ្សែភ្លើង ខ្សែកាបក្រោមដី និងលើអាកាស ក្នុងតំបន់ការដ្ឋានស្ថាបនាស្ពានអាកាស
និងផ្លូវក្រោមដី នៅចំណុចភ្លើងស្តុបសាលាតិចណូ ត្រូវរុះរើជាបន្ទាន់ ដើម្បីឲ្យដំណើរការ សាងសង់បានឆាប់រហ័ស។
នៅក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការដ្ឋាននេះ បាននឹងកំពុងដំណើរការយ៉ាងសកម្ម ក្នុងការវាស់វែង រៀបចំការិយាល័យការដ្ឋាន និងដោះស្រាយ រុះរើផលប៉ះពាល់នានា នៅបរិវេណដែលត្រូវស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី ។
ដើម្បីជំរុញការសាងសង់ ឲ្យបានទាន់កម្មវិធីសាលាក្រុង ស្នើឲ្យភាគីពាក់ព័ន្ធត្រូវរុះរាន់ ធ្វើការរុះរើ រំកិលឲ្យផុតពីទីតាំង ដែលត្រូវជីកកាយស្ថាបនា ដោយទុកពេល៧ថ្ងៃ បើផុតរយៈពេលនេះ សាលាក្រុង មិនទទួលខុសត្រូវ ចំពោះការខូចខាតដោយការរុះរើឡើយ៕
មតិយោបល់