កាលពីដើមខែនេះ Samsung បានបញ្ជាក់ឲ្យដឹងម្ដងរួចទៅហើយថា ប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទី៣ នឹងធ្លាក់ចុះជាង ៤៥ភាគរយ បើធៀបនឹងឆ្នាំ ២០១៣។ ដោយឡែកនៅថ្ងៃអង្គារនេះ Samsung បានបញ្ជាក់ថាថ្មីថា ប្រាក់ចំណូល និងចំណេញសម្រាប់ត្រីមាសទី៣នេះមិនល្អ។
យោងតាមសេចក្ដីប្រកាសរបស់ Samsung បានឲ្យដឹងថា ប្រាក់ចំណេញនៅត្រីមាសទី៣ បានធ្លាក់ចុះជាង ៥០ភាគរយ បើធៀបនឹងឆ្នាំមុន។ ប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះពី ៥៧,៨ភាគរយដល់៦១,៨ភាគរយ ដោយគិតជាទឹកប្រាក់មានចំនួនចន្លោះពី ៣,៦ពាន់លានដុល្លារអាមេរិក ដល់៤ពាន់លានដុល្លារអាមេរិក ខណៈដែលអ្នកវិភាគបានព្យាករណ៍ថានឹងធ្លាក់ចុះ ៤,០៤ពាន់លានដុល្លារអាមេរិក។
កាលពីឆ្នាំមុន នៅក្នុងត្រីមាសទី៣ ប្រាក់ចំណេញរបស់ Samsung មានចំនួន ៩,៦ពាន់លានដុល្លារអាមេរិក ដូច្នេះបើតាមតួលេខនេះសបញ្ជាក់ឲ្យឃើញថា ប្រាក់ចំណេញនៅក្នុងត្រីមាសទី៣ឆ្នាំនេះធ្លាក់ចុះជាងពាក់កណ្ដាល បើធៀបនឹងឆ្នាំមុន។
គួរបញ្ជាក់ផងដែរថា ប្រាក់ចំណេញរបស់ Samsung ភាគច្រើនបានមកពីអាជីវកម្មទូរស័ព្ទចល័ត ប៉ុន្តែនៅក្នុងត្រីមាសទី៣នេះ ទាំងទីផ្សារទូរស័ព្ទតម្លៃទាប និងខ្ពស់សុទ្ធតែធ្លាក់ចុះទាំងអស់ ដែលជាហេតុនាំឲ្យ ប្រាក់ចំណេញសរុបធ្លាក់ចុះ៕
មតិយោបល់