ព័ត៌មានជាតិ

មនុស្ស​​ជាង ៣០០​នាក់ បាន​ជ្រួតជ្រាប​អំពី​ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង​

​កំពង់ចាម​៖ តំណាង​ប្រជាពលរដ្ឋ​និង​អ្នកអនុវត្ត​ច្បាប់ ក្នុង​មូលដ្ឋាន​នៃ​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​ប្រមាណ​ជាង​៣០០​នាក់​ទទួល​បាន​ជ្រួតជ្រាប​អំពី​ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​មន្ទីរ​ទំនាក់​ទ​នង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​កំពង់ចាម ។​
Lottery
​ពិធី​ផ្សព្វផ្សាយ​ច្បាប់​នេះ បាន​ប្រព្រឹត្ត​នៅ​សាលា​ស្រុក​កោះសូទិន​នា​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៤ ក្រោម​ការអញ្ជើញ​ចូលរួម​ពី លោក ផេន សុផល អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កោះសូទិន លោកស្រី ឆាន ច័ន្ទ​ធីតា ប្រធាន​មន្ទីរ​ទំនាក់​ទ​នង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​កំពង់ចាម ក្រុមប្រឹក្សា​ស្រុក តំណាង​ស្នងការ​នគរបាល​ខេត្ត នគរបាល​ស្រុក​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ និង​ក្រុមប្រឹក្សា​ឃុំ យ៉ាងច្រើន​កុះករ ។​

​លោកស្រី​ឆាន ច័ន្ទ​ធីតា​បាន​គូសបញ្ជាក់ថា ការផ្សព្វផ្សាយ​ច្បាប់​បង្ក្រាប​ល្បែងស៊ីសង​នេះ ធ្វើឡើង​ដោយ​យោង​ទៅតាម​សារាចរ​លេខ ០៣ សរ របស់​រដ្ឋាភិបាល​ជាតិ​បណ្ដោះអាសន្ន​កម្ពុជា ជាពិសេស មាន​មតិ​សាធារណៈ​បាន​កត់សម្គាល់​ថា កន្លងមក នៅតាម​ទីប្រជុំជន នៃ​ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ មួយចំនួន មាន​បើក​ល្បែងស៊ីសង ដោយ​ចំហរ និង​សម្ងាត់​តូច ធំ យ៉ាងច្រើន ហើយ​បច្ចុប្បន្ន​កំពុង​រីក​រាល​ដាល​ជា​បន្តបន្ទាប់ ដែល​ជា​ហេតុ​ធ្វើឲ្យ​បាត់បង​នូវ​របៀបរៀបរយ សន្តិសុខ​សាធារណៈ និង​ជា​ប្រភព នាំ​ឲ្យ​កកើតឡើង​នូវ​ចោរកម្ម​ផ្សេងៗ ធ្វើ​ឲ្យ​ប្រជារាស្ត្រ​មាន​កង្វល់​ក្នុង​ចិត្ត​យ៉ាងខ្លាំង អំពី​សន្ដិសុខ​គ្រួសារ និង​បុគ្គល់​ម្នាក់ៗ ដែល​ទាមទារ​ត្រូវតែ​ដោះស្រាយ ហាមឃាត់​អំពើ​ទាំងនេះ មិនឲ្យ​មាន​នៅក្នុង​សង្គមជាតិ​ជាបន្ទាន់ ដើម្បី​រក្សា​ភាព​សុខុដុមរមនា​ជូន​ប្រជាពលរដ្ឋ ។ ដោយឡែក ច្បាប់​បង្ក្រាប​ល្បែងស៊ីសង​នេះ មាន​ចំនួន​៤​ជំពូក ស្មើនឹង ១៣​មាត្រា​និង​បាន​រួមចំណែក​ផ្ដល់នូវ​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ និង​អ្នកអនុវត្ត បន្ទាប់ពី​បាន​ផ្សព្វផ្សាយ​ទៅ ។​

​លោក​វរសេនីយត្រីយ៍ ស៊ឹម ស៊ា​ង​ឌី និង​លោក​ឧត្ដមសេនីយ៍ត្រី ជឹម សេងហុង ស្នងការរង​នគរបាល​ខេត្ត បានបញ្ជាក់​ថា ការផ្សព្វផ្សាយ​ច្បាប់​នេះ គឺជា​ចំណុច​សំខាន់​មួយ នៃ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។ ហើយ​ការផ្សព្វផ្សាយ​នេះ ក៏​បាន​ចូលរួមចំណែក​ចែ​ករំ​ឡែក​ការ​ដល់​ដឹង​ទៅដល់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ផ្ទាល់ ផងដែរ ។ ក្នុងនាម​មន្ត្រីនគរបាល លោក​វរៈ​សេនី​ត្រី និង​លោក​ឧត្ដម​សេនី​ត្រី​ក៏បាន​លើកឡើង នូវ​អ្វី​ដែល​ជា​ចម្ងល់​នានា ទាក់ទង​ទៅនឹង​ចំណុច​សំខាន់ៗ​ចំនួន ៤ គឺ ៖ ទី​១.​តើ​ល្បែងស៊ីសង​ប្រភេទ​ណា​ខ្លះ​ដែល​ច្បាប់​បាន​ហាមឃាត់ ទី​២.​តើ​សមត្ថកិច្ច​ណាខ្លះ​ដែល​មាន​នីតិសម្បទា​ក្នុង​ការបង្ក្រាប ទី​៣.​ការលេង​ល្បែងស៊ីសង​មាន​ផលប៉ះពាល់​អ្វីខ្លះ​ដល់​គ្រួសារ ដល់​សង្គមជាតិ និង​ទី​៤.​អាជ្ញាធរ​មាន​វិធានការ​បែបណាខ្លះ ដើម្បី​បង្ក្រាប​ល្បែងស៊ីសង​?​ដើម្បី​ផ្សព្វផ្សាយ​ដល់​អង្គពិធី​ទាំងមូល​បាន​ជ្រួតជ្រាប ផងដែរ ។​

​លោក ផេន សុផល អភិបាល​ស្រុក​កោះសូទិន តំណាង​ឯកឧត្ដម​អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងអំណរគុណ ចំពោះ​មន្ទីរ​ទំនាក់​ទ​នង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​កំពង់ចាម​ដែល​បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​នេះ​នៅក្នុង​ស្រុក​កោះសូទិន ។ លោក​បន្តថា ច្បាប់​បង្ក្រាប​ល្បែង គឺ​បាន​អនុវត្ត​ជា​ប្រចាំ និង​ពិតជា​ជួប​ការលំបាក​សម្រាប់​មន្ត្រី​ជា​នគរបាល​យុត្តិធម៌​អនុវត្ត​ច្បាប់ តែ​ដោយ​យើង​គោរព​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ផ្អែក​តាម​លិខិត​បទដ្ឋាន​របស់​ក្រសួង​នានា គឺ​បាន​អនុវត្ត​ជា​ប្រចាំ នៅ​គ្រប់​គោលដៅ​ដែល​ធ្វើឲ្យ​ល្បែងស៊ីសង នៅ​មូលដ្ឋាន​មានការ​ថយចុះ​ជា​លំដាប់ ។ លោក​អភិបាលស្រុក បាន​រំលឹក​ដែរ​ថា ទន្ទឹមនឹង​ភាព​ជោគជ័យ​នេះដែរ ក៏​យើង​មិន​អាច​ស្កប់ស្កល់​ឈរ​ទ្រឹង​នៅ​ស្ងៀម​ឡើយ ដូច្នេះ សំណូមពរ​ដល់​សមត្ថ​កិច្ច​ពាក់​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​ជា​ប្រចាំ ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់ វិន័យ​សីលធម៌ ដល់​មន្ត្រី​អនុវត្ត​ច្បាប់ ដើម្បី​លើ​កម្ពស់​ការត្រួតពិនិត្យ ការលេង​ល្បែងស៊ីសង ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព លើ​គ្រប់​រូបភាព ដើម្បី​បន្ត​និរន្តរ៍ភាព នៃ​ការត្រួតពិនិត្យ ការអនុវត្ត​ទទួលបាន​ជោគជ័យ ផងដែរ ៕

មតិយោបល់