ស្ទឹងត្រែង៖ក្រុមអាជីវករជិត២រយនាក់ បាននាំគ្នាមកចាប់កន្លែងលក់នៅផ្សារក្រមួនចាស់ ដែលអាជ្ញាធរកំពុងធ្វើការអភិវឌ្ឍន៍ តែត្រូវបានរារាំង និងបំបែកគ្នាដោយកម្លាំង សមត្ថកិច្ច របស់អាជ្ញាធរខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃអាទិត្យទី១២តុលាម្សិលមិញ។
ទីតាំងផ្សារក្រមួនចាស់គឺជាសួនច្បា ត្រូវបានអាជ្ញាធរខេត្តរៀបចំឲ្យលក់នៅលើទីតាំងផ្សារថ្មីឯកជនពីរកន្លែង ក្នុងខេត្តដែលផ្សារទាំងពីរកន្លែងនោះ ត្រូវគេនិយាយថាកើតឡើងនៅក្រោមគម្រោងផែនការ អភិវឌ្ឍន៏ដើម្បីទីក្រុងស្អាតរបស់ខេត្ត និងក៏កើតឡើងនៅក្រោយការផ្ទុះការតវ៉ាចំនួនពីរលើក របស់ក្រុមអាជីវករ ទាមទារមិនព្រមចាកចេញពីផ្សារក្រមួននោះ ទៅកាន់ផ្សារឯកជនកាលពីចុងខែសីហា និងដើមខែកញ្ញាកន្លងទៅ។
ក្រុមអាជីវករទាំងនោះ បាននិយាយថា ផ្សារឯកជនថ្មី ដែលអាជ្ញាធរខេត្ត សំរេចឲ្យពួកគាត់ទៅលក់នោះ អាចប្រឈមនឹងកត្តាជាច្រើនដូចជា បារម្ភពីសន្តិសុខ ប្រឈមនឹងទឹកលិចនារដូវវស្សាហ៍ ស្ងប់ស្ងាត់គ្មានមនុ ស្សទៅទិញ និងតម្លៃម៉ូតូឌុបឡើងថ្លៃទ្វេរដង។ល។ នឹងអ្វីដែលសំខាន់នោះ គឺពួកគាត់លក់មិនដាច់ពីមួយថ្ងៃ ទៅ មួយថ្ងៃចេះតែខាតបង់ប្រាក់ចំណូល ហើយថវិកាដែលយកមកទិញសម្ភារៈលក់ដូរនេះ គឺពួកគាត់ បានចងការប្រាក់ពីធនាគារនៅគ្រានេះ ពួកគាត់កំពុងប្រឈមនឹងការខ្វះលុយយកទៅបង់ឲ្យធនាគារ តាមកាលកំណត់។
ក្រុមអាជីវករផ្សារខេត្ត បាននិយាយទៀតថា កត្តាបារម្ភជាច្រើនខាងលើនោះហើយ ជាមូលហេតុធ្វើ ឲ្យពួកគាត់ សំរេចចិត្តនាំគ្នាមកកាន់ទីតាំងផ្សារចាស់ ដែលជាអតីតសួនច្បារនោះ ដើម្បីចាប់យកកន្លែងលក់ដូរដូចកាលគ្រាមុន គ្រាន់បានប្រាក់កម្រៃចិញ្ចឹមជីវិត ។ ពួកគាត់បានបន្តទៀតថា ខេត្តស្ទឹងត្រែង ជាខេត្តមួយដ៏តូច មានមនុស្សរស់នៅតិច តែផ្សារកើតទៅដល់៣កន្លែង ដោយមួយកន្លែងនៅកណ្តាលចំណោមមហារជន ចំណែកពីកន្លែងទៀត នៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជន ការដែលអាជ្ញាធរឲ្យទៅលក់នៅទីតាំងថ្មី គ្មានមនុស្សទៅដល់នោះ ហាក់ដូចជាមិនយុត្តិធម៌ចំពោះពួកគាត់សោះ ។
ជុំវិញការតវ៉ាសាជាថ្មីរបស់ក្រុមអាជីវករខាងលើនោះ ត្រូវបានគណៈអភិបាលខេត្តស្ទឹងត្រែង លោកកុល សំអុល លោកបានថ្លែងបញ្ជាក់ថា បើទោះបីជាមានការតវ៉ាយ៉ាងណាក៏ដោយ ជាគោលការណ៏ អាជ្ញាធរខេត្ត ត្រូវតែយកទីតាំងផ្សារក្រមួននោះ មកធ្វើការអភិវឌ្ឍន៏ជាថ្មី ដើម្បីធ្វើឲ្យទីតាំងផ្សារ ដែលនៅរយះកាលកន្លងមក អាជ្ញាធរខេត្ត បានទទួលការរិះគន់ជាច្រើនពីមហារជន ថាទីនេះពោរពេញទៅដោយបរិយាកាសអ័ព្វអ៊ួរគ្មានអនាម័យ នឹងគ្មានសណ្តាប់ធ្នាប់ល្អនោះ នៅគ្រានេះក្នុងនាមខេត្ត ត្រូវមានវិធានការ រៀបចំទីដែលរងការិះគន់នោះ យកមកកែលំអរឲ្យមានសោភ័ណ្ឌភាពស្រស់ត្រកាលឡើងវិញ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាខេត្តស្ទឹងត្រែង និងក៏ដើម្បីត្រៀម ឈានទៅប្រលងប្រណាំងយកទីក្រុងស្អាត នាពេលខាងមុខនេះផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ចំពោះការលើកឡើងរបស់អាជីវករ ពីការព្រួយបារម្ភ ប្រឈមនឹងកត្តាជាច្រើនខាងលើនោះ អាជ្ញាធរខេត្ត កំពុងរៀបចំចាត់វិធានការ ជូនពួកគាត់ជាបណ្តើរៗហើយ ដូចជាបញ្ហាធានាលើសន្តិសុខ សណ្តាប់ធ្នាប់ គឺមិនឲ្យពួកគាត់ព្រួយបារម្ភនោះឡើយ ។លោកថា ដើម្បីបញ្ជៀសបាននូវការរិះគន់ទាំងនោះ អាជ្ញាធរខេត្ត បានស្នើដល់រាជរដ្ឋាភិបាល ក្នុងការចំណាយថវិកាអភិវឌ្ឍន៏ទីនោះ ឲ្យក្លាយទៅជាស្ថានភាពដើម មានសួនច្បារសម្រាប់លំហែរឡើងវិញ រីឯការខិតខំនេះ គឺដើម្បីផលប្រយោជន៏រួមទាំងអស់គ្នា៕
មតិយោបល់