សៀមរាប៖ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនូវបទបញ្ជាលេខ០១បបរបស់រាជរដ្ឋាភិបាលកម្ពុជានិង ការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៌ ត្រី ម៉នសាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមផងនោះ នៅពេលរាត្រីថ្ងៃទី២០តុលា និង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤នេះ លោកវរសេនីយ៍ទោ សេងវុទ្ធី មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនិងជាប្រធានមន្ទីរព័ត៌មាននិងសន្តិសុខ បានបញ្ជាដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចុះធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបក្នុងតំបន់ភូមិសាស្ត្រស្រុកសូទ្រនិគមខេត្តសៀមរាបក្នុងនោះដោយបានប្រើប្រាស់នូវមធ្យោបាយ ជាកាណូតចំនួន ០៣គ្រឿង កម្លាំង១៦នាក់។
ក្នុងសកម្មភាពការចុះបង្ក្រាបបទល្មើសនេសាទនេះកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថយើងបានធ្វើការបង្ក្រាបនូវឧបករណ៍ឆ្នុកដែលប្រជានេសាទបានប្រើប្រាស់នូវអំពូលភ្លើងព័ណ៌ដើម្បីទាក់ទាញត្រីគ្រប់ប្រភេទទាំងតូចទាំងធំហើយដែលជាឧបករណ៍ត្រូវរដ្ឋបានហាមឃាត់ដែលធ្វើឲ្យភ្លឺពេញផ្ទៃទឹកបឹងទន្លេសាបប្រៀបបានជាទីក្រុងទៅហើយនៅតំបន់ជ្រោយសឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម។នៅក្នុងរាត្រីថ្ងៃទី២០ខែតុលានេះកម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើការបំផ្លាញនូវឧបករណ៍ឆ្នុកចំនួន១៩ឆ្នុកនឹងដកហូតបាននូវអាគុយចំនួន១៩គ្រឿងសាច់ឆ្នុក២និងលែងកូនត្រីចម្រុះទៅបឹងធម្មជាតិចំនួន១ពាន់គីឡូក្រាមផងដែរ។
លុះនៅព្រឹកថ្ងៃទី២១ខែឆ្នាំដដែលកម្លាំងសមត្ថកិច្ចយើងបានបន្តបេសកកម្មរបស់ខ្លួនក្នុងការបង្ក្រាបបទល្មើសជលផលនៅក្នុងតំបន់ភូមិតាទូរស្រុកសូទ្រនិគមដោយបានធ្វើការចុះរុះរើបំផ្លាញនូវឧបករណ៍បរ០៨កន្លែងដកហូតយកនូវក្បាលបរបានចំនួន០៥មាត់ផងដែរ។
សូមបញ្ជាក់ផងដែរថាក្នុងការចុះប្រតិបត្តិការបង្ក្រាបកងកម្លាំងយើងក៏បានពុះពារនូវគ្រប់ឧបស័គ្គក្រោមស្បៃ រាត្រីនៃដំណក់ភ្លៀងផ្គរន្ទះខ្យល់ព្យុះរលកធំដែលធ្វើឲ្យរម្ខានក្នុងកិច្ចប្រត្តិបត្តិការបង្ក្រាបបទល្មើសនេសាទធ្វើឲ្យក្រុមជនល្មើសមានឱកាសរំដោះនូវឧបករណ៍នេសាទល្មើសច្បាប់ទៅដោយសុវត្ថិភាព។ចំពោះសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តសៀមរាបត្រូវបានលោកអភិបាលខេត្ត ឃឹម ប៊ុនសុង ក៏ដូចលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ម៉ន សាម៉ុន បានយកចិត្តទុកដាក់បំផុតទាំងរដូវបិទនិងរដូវបើកនេសាទឲ្យបទល្មើសនេសាទកើតនៅតំបន់ណាគឺត្រូវមានការចុះបង្ក្រាបជាបន្ទាន់ផងដែរដើម្បីការពារនូវពូជមច្ឆាជាតិនៅបឹងទន្លេសាទក្នុងការបម្រើនូវតម្រូវការរបស់កូនចៅរបស់បងប្អូនប្រជាជនទៅគ្រប់ជំនាន់ផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់