ខេត្តព្រះវិហារ៖យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅទូទាំងក្រុងព្រះវិហារដែលក្រុមមេឈ្មួញឈើដុះស្លែដឹកជញ្ជូនឈើប្រណីតបេងធ្នង់នាងនួនយកស្តុកទុកក្នុងទីតាំងសិប្បកម្មធំៗកែច្នៃឈើប្រណីតរបស់ខ្លួនដើម្បីកុហកយកលេសជាឈើស្របច្បាប់ទីបំផុតអស់លក្ខណ៍ត្រូវកំលាំងអាជ្ញាធរចម្រុះចុះបោសសំអាតបង្ក្រាបរឹបអូសជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៨ដល់២៩តុលា២០១៤នេះ។
សកម្មភាពបង្ក្រាបបទល្មើសព្រៃឈើនេះធ្វើទ្បើងប្រកបដោយភាពហ្មត់ចត់មានការចូលរួមតាមដានត្រួតពិនិត្យនិងឃ្លាំមើលជាប្រចាំពីសំណាក់លោក ហ៊ុន អៀង នាយអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបនិងលោក អ៊ិត ភូម្រា នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ។មានតែទីតាំងសិប្បកម្មដុះស្លែរបស់មេឈ្មួញឈើជើងខ្លាំងម្នាក់គត់ឈ្មោះ ម៉ៅ សុវណ្ណ ដែលទំនងជាកំលាំងអាជ្ញាធរមានសមត្ថកិច្ចខ្លាចញញើតមិនហ៊ានបង្ក្រាបប្រមូលរឹបអូសគំនរឈើប្រណីតដែលស្តុកទុកក្នុងបរិវេណរោងសិប្បកម្ម។
លោក ឆេញ សេង នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យបានអោយដឹងនៅព្រឹកថ្ងៃទី២៩តុលា២០១៤ថាយុទ្ធនាការចុះបង្ក្រាបរឹបអូសឈើប្រណីតតាមទីតាំងរោងសិប្បកម្មកែច្នៃឈើប្រណីតនៅទូទាំងក្រុងព្រះវិហារនាពេលនេះជាគម្រោងមួយរៀបចំទុកដោយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបនិងមានការចូលរួមសហការពីកំលាំងមន្ដ្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ។លោកនាយផ្នែកបន្តទៀតថាវត្ថុតាងឈើប្រណីតដែលបាននិងកំពុងធ្វើការប្រមូលរឹបអូបរួមមានឈើប្រណីតខ្នាតចម្រុះដូចជាឈើប្រណីតតាប់,ឈើប្រណីតសន្លឹក,កូនក្រទ្បឹងនិងគ្រឿងឈើកែច្នៃធ្វើសង្ហារឹមជាដើម។
លោកនាយផ្នែកបញ្ជាក់ថាវត្ថុតាងបទល្មើសព្រៃឈើដែលរឹបអូសបានកាលពីថ្ងៃទី២៨តុលាមានចំនួនជិត៦០០ដុំហើយនៅព្រឹកថ្ងៃទី២៩តុលានេះកំលាំងចម្រុះប្រមូលរឹបយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានរាប់រយដុំថែមទៀត។ប្រភពព័ត៌មានពីសមត្ថកិច្ចផ្សេងទៀតបានខ្សិបប្រាប់អ្នកសារព័ត៌មានអោយដឹងថាចំពោះទីតាំងសិប្បកម្មធំ១កន្លែងជារបស់មេឈ្មួញឈើដុះស្លែនិងជាយោធាខេត្តពាក់សក្តិ៥ឈ្មោះម៉ៅសុវណ្ណគឺកំលាំងអាជ្ញាធរមានសមត្ថកិច្ចកំពុងពិភាក្សាគ្នាដោយជំហ៊ានដំបូងកំពុងរាប់ផ្ទៀងផ្ទាត់ចំនួនគ្រែនិងចំនួនឈើប្រណីតដែលមេឈ្មួញម្នាក់នេះអះអាងថាធ្វើផ្គត់ផ្គង់អោយសណ្ឋាគាររបស់រដ្ឋ១កន្លែងក្នុងក្រុងព្រះវិហារហើយទំនងជាមានការលើកលែងបង្ក្រាប។
ប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់សិប្បកម្មដែលទទួលរងការបង្ក្រាបរាបដល់ដីថាការបង្ក្រាបនេះមានភាពអយុត្តិធម៌ដោយសារមើលឃើញថាទីតាំងសិប្បកម្មរបស់ឈ្មោះ ម៉ៅ សុវណ្ណ មិនត្រូវបានបង្ក្រាបរឹបអូសបានឈើប្រណីត១ដុំណាទ្បើយហើយនរណាក៍ដឹងឮដែរនៅទូទាំងក្រុងព្រះវិហារគឺឈ្មោះ ម៉ៅ សុវណ្ណ ជាឈ្មួញឈើទុច្ចរិតដ៍ធំប្រចាំខេត្តព្រះវិហារដោយប្រមូលទិញចូលសុទ្ធតែឈើប្រណីតខុសច្បាប់ទាំងអស់។មេឈ្មួញឈ្មោះ ម៉ៅ សុវណ្ណ បើកធ្វើសិប្បកម្មដោយប្រមូលទិញចូលឈើប្រណីតបេងធ្នង់នាងនួនខុសច្បាប់យ៉ាងរលូននិងសុខសាន្តមានរយះពេលប្រមាណ១៥ឆ្នាំមកហើយដែលគ្មានអាជ្ញាធរណាម្នាក់ហ៊ានប៉ះពាល់និងបង្ក្រាបនោះទ្បើយ៕
មតិយោបល់