ខេត្តរតនគិរី៖ ឈ្មួញរត់ពន្ធឈើប្រណីតទៅប្រទេសវៀតណាមតាមច្រទ្វារអន្តរជាតិអូរយ៉ាដាវ យកឈើប្រណីតទៅលាក់ទុកនៅកន្លែងក្បែរព្រំដែនអន្តរជាតិអូរយ៉ាដាវ ត្រូវបានមេព្រៃបង្ក្រាបបានកាលព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤នេះ ហើយជាការលុបលាងកំហុសដែលឈ្មួញបានដឹកឈើប្រណីតទៅលក់នៅប្រទេសវៀតណាម កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤។
មានសេចក្តីរាយការណ៍ពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវបានអោយដឹងកាលពីព្រឹកថ្ងៃទី៣១ ខែតុលានេះថាគឺមានរថយន្តមួយគ្រឿងបានដឹកឈើប្រណីតប្រភេទធ្នុងដែលមានកំរាស១០សង់ទីម៉ែត្រ ទទឹង៣០ទៅ៦០សង់ទីម៉ែត្រ និងបណ្តោយ១ម៉ែត្រ២០សង់ទីម៉ែត្របានយកមកគរលាក់ទុកនៅកន្លែង ហើយយកអាចម៌ដីក្បែរព្រំដែនអន្តរអូរយ៉ាដាវ ដើម្បីអោយសមត្ថកិច្ចមេព្រៃយកស្នាដៃបង្អូតថ្នាក់លើ ក៏ជាការលុបលាងកំហុសដែលមន្ត្រីខិលខូចមួយចំនួនបានឃុបឃិតគ្នាយ៉ាងស៊ីចង្វាក់នាំគ្នារត់ពន្ធឈើប្រណីតយ៉ាងអនាធិបតេយ្យឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម កាលពីថ្ងៃច័ន្ទ ទី២៧ ខែតុលា ឆ្នាំ២០១៤ ជាការផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន។ ហើយឈើប្រណីតទាំងនោះត្រូវឈ្មួញល្មើសច្បាប់ដឹកជញ្ជូនមកពីស្រុកវ៉ើនសៃ ស្រុកតាវែង ដោយឆ្លងកាត់សមត្ថកិច្ចរាប់សិបស្ថាប័ន បើឈ្មួញឈើប្រណីតមិនបង់លុយអោយទេ នោះកង់រថយន្តសឹងតែវិលមួយជុំមិនបានផង ហើយសព្វថ្ងៃមេៗកងកម្លាំង និងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើកំពុងទទួលផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់មិនអាចគណនាបាន។
ជុំវិញការចាប់ឈើប្រណីតជាង១០០សន្លឹករបស់មេព្រៃនេះ ដែលគេសង្កេតឃើញកងកម្លាំងដូចជានគរបាលការពារព្រំដែន សមត្ថកិច្ចច្រកទ្វារ កងរាជអាវុធហត្ថ បានត្រឹមតែផ្តិតរូបភាពដើរក្រឡឹងគំនរ និងគ្រវីក្បាលហួសចិត្ត។
គួរបញ្ជាក់នៅពេលថ្មីៗនេះមានមេការជំនួញឈើប្រណីតម្នាក់បានយកឈ្មោះក្មួញប្រុសរបស់ថ្នាក់ដឹកនាំកំពូលមកកាងឈើប្រណីតទៅលក់នៅប្រទេសវៀតណាម ហើយមិនដឹងជាក្មួយប្រុសរបស់ថ្នាក់ដឹកនាំកំពូលរូបនោះដឹង ឫមិនដឹងនោះទេ៕
មតិយោបល់