កោះកុង ៖ ក្រុមអាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវខាងលិចផ្សារដងទង់ នៅព្រឹកថ្ងៃទី៣១ ខែតុលា បានប្រមូលផ្តុំគ្នានៅខាងមុខសាលាខេត្តកោះកុង ដោយធ្វើការតវ៉ាចំពោះអ្នកវិនិយោគផ្សារដងទង់ ដែលបានលក់ដីឲ្យពួកគាត់លក់ដូរហើយ បែរជាមកដេញពួកគាត់វិញ។
តាមក្រុមអាជីវករថា ពួកគាត់បានចំណាយលុយទៅឲ្យអ្នកវិនិយោគផ្សារ ពិសេសនោះគឺលោក អ៊ុយ សម្បត្តិ ហៅទ្រី ដែលជាអ្នកម៉ៅផាស៊ីផ្សារនេះតែម្តង ក្នុងមួយកន្លែងចំនួន២០០ដុល្លារ ព្រមទាំងបង់ប្រចាំខែចំនួន២ម៉ឺនរៀលទៀត និងផាស៊ីក្នុងមួយថ្ងៃ៣ពាន់រៀល។ ប៉ុន្តែឥឡូវនេះបែរជាអ្នកវិនិយោគផ្សារបានទៅប្រាប់ពួកគាត់ឲ្យរុះរើតូបចេញទៅវិញ។ ដែលការនេះ ធ្វើឲ្យពួកគាត់មិនសុខចិត្តឡើយ។
លោក ប៉ែន ប៊ុនឈួយ អភិបាលក្រុងខេមរភូមិន្ទសី្តទី បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជួបជាមួយតំណាងអាជីវករថា យោងតាមការចុះស្រាវជ្រាវរបស់សាលាក្រុងកាលពីពេលថី្មៗនេះ បានរកឃើញថា ដីចិញ្ចើមផ្លូវនៅត្រង់ចំណុចដែលត្រូវដេញឲ្យរុះរើនោះ ត្រូវបានថៅកែវិនិយោគផ្សារពុះលក់ឲ្យអាជីវកធើ្វតូបលក់ដូរចំនួន១៥កន្លែង និងប៉ូលិសឈ្មោះ អ៊ុយ សម្បតិ្តហៅទ្រី ដែលជាអ្នកម៉ៅភាស៊ីផ្ញើកង់ ម៉ូតូ បានពុះលក់ឲ្យអាជីវករធើ្វតូបលក់ដូរចំនួន១៦កន្លែង សរុបទាំងអស់៣១កន្លែង ប៉ុន្តែលោកមិនដឹងថា មួយកន្លែងៗលក់ក្នុងតម្លៃប៉ុន្មានទេ។
លោកអភិបាលក្រុងសី្តទីរូបនេះបានបញ្ជាក់ថា នៅពេលនេះ អាជ្ញាធរបានឯកភាពទុកពេលឲ្យក្រុមអាជីវករចំនួនពីរថ្ងៃ ដើម្បីធើ្វបញ្ជីឈ្មោះឲ្យបានច្បាស់លាស់ ថា អ្នកអត់តូបពិតប្រាកដមានប៉ុន្មាននាក់ និងអ្នកមានតូបប៉ុន្មាននាក់ ដើម្បីងាយស្រួលយកទៅសុំគោលការណ៏សំរេចពីលោកអភិបាល ខេត្ត។
ទាក់ទងនឹងបញ្ហាទាំងអស់នេះ យើងមិនអាចស្វែងរកការបំភ្លឺពីអ្នកវិនិយោគផ្សារដងទង់ និងអ្នកម៉ៅផាស៊ី ឈ្មោះ អ៊ុយ សម្បត្តិ នោះបានទេ៕
មតិយោបល់