ព័ត៌មានជាតិ

ក្រុម​ឈ្មួញ​ឆ្លៀត ឱកាស​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក​ទៅ​ធ្វើ​ជំនួញ ឈើ​ខុសច្បាប់​យ៉ាង​អាណាធិបតេយ្យ នៅ​ស្រុក​សំបូរ

​ខេត្ត​ក្រចេះ​៖ ក្នុង​រយៈពេល​មួយ​សប្តាហ៍ មុន​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក​ដែល​ទូក​នៅ​តាម បណ្តារ​ខេត្ត មួយចំនួន​បាន​រៀបចំ​ដឹកនាំ​ទៅ​ប្រណាំង នៅ​រាជធានី​ភ្នំពេញ​នោះ ក្រុម​ឈ្មួញ​ជាច្រើន​នៅ​ខេត្ត​ក្រចេះ បាន​ឆ្លៀត​យក ឱកាស​នេះ​ទៅ​ធ្វើ​អាជីវកម្ម​ដឹក​ឈើ​ខុសច្បាប់​យ៉ាង គគ្រឹក​គ្រេង តាម​ដង​ទន្លេរ​មេគង្គ លើ​ស្ថិតក្នុង​ស្រុក​សំបូរ ក្រោម​ការបើក​ដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ ។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​០២ ខែ​វិច្ចិការ​នេះ ក្រុម​ឈ្មួញ​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ អារ ដោយ លួច​បង្កាប់ ឈើប្រណិត​ដែលជា ប្រភេទ​ឈើ​ធ្នង់ ខុសច្បាប់ យក​លេស​ថា ជា​ទូក អូស​ទូកងរ​ទៅ ប្រណាំង​នៅឯ​ទីក្រុង​ភ្នំពេញ ហើយ​ឈើ​ទាំងនេះ​ត្រូវបាន​គេ​ដឹងថា​មាន ក្រុម​ឈ្មួញ​ជាច្រើន​ដែល​ត្រូវបាន​គេ​ដឹងថា សុទ្ឋសឹង​ជា​មន្ត្រី​អ្នកមានមុខ​មាត់ធំ នៅ​ស្រុក​សំបូរ ក្នុងនោះ​មាន​ទាំង​គ្រូបង្រៀន​ម្នាក់​ឈ្មោះ គ្រូ ព្រលឹង ជា​អ្នករ៉ាប់រង​ចេញ​មុខ​ក្នុង​ចំណោម បក្សពួក គេ បាន ប្រើប្រាស់​ទូក​ធំ​ដោយ​មាន​ផ្ទុក​ឈើ​អា​លេខ​១ ពេញប្រៀប ។ ហើយ​ដោយសារ ការផ្ទុក​ខ្លាំង​លើស​ចំណុះ​ក៏​ទៅ​បុក​ជាមួយ នឹង​គោល​ថ្ម កណ្តាលទន្លេ គឿង​ជាប់​ទៅមុខ​លែងរួច ពេញ​មួយ​ថ្ងៃ ពុំ​មាន​ការរំខាន​ដល់​ភ្នែក សមត្ថកិច្ច​ជំនាញ​ឬ​មន្ត្រី​ពាក់ព័ន្ធ ឡើយ ក្នុងនោះ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ សង្កាត់រដ្ឋបាល ព្រៃ​វឌ្ឍនៈ នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ព្រែក​ប្រសព្វ បាន​ចុះទៅពិនិត្យ​មើល​តែ​គ្មាន​វិធានការ​បន្តិច​សោះឡើយ ដោយ​បណ្តោយ​អោយ​ឈ្មួញ​រើ​ឈើ​ដោយ​រលូន ។​

​ប្រភព​ពី​មន្ត្រី​ម្នាក់​បាន​លួចខ្សឹប​ប្រាប់ ថា ទូក​ដឹកឈើ​ខុស​ច្បាប់​ខាងលើ ត្រូវបាន​គេ​ដឹងថា ក្រុម​ឈ្មួញ​បាន​ប្រមូល​ទិញ​ឈើ​ប្រណីត​និង​ឈើ​អារ ស្តុក​ទុក​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​ដឹក​តាម​ទូក ត្រៀម​ទុក​នៅ​ក្នុង​ទឹកដី ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ បម្រុង​ដឹកចេញទៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​ទូកងរ​តែ​សំណាង​អាក្រក់​បាន​បុក​និង​គោល​ថ្ម​ចាប់ពី​ម៉ោង​៧​ព្រឹក​រហូត​ពេញ​១​ថ្ងៃ ។

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ ឈ្មោះ លោក ថ្លាង ឡុង នាយរង​សង្កាត់​រដ្ឋបាល​ព្រៃ ឈើ​វឌ្ឍនៈ បាន​ចុះ​ទៅ​មើល​ទូក​ដឹក​ឈើ​ខុសច្បាប់​នោះ គ្រាន់តែ​អើត​ហើយ​ត្រឡប់​មក​វិញ ដោយ​បណ្តោយ​ឲ្យ​ក្រុម ឈ្មួញ​យក​កាណូត​តូច​ជាច្រើន​គ្រឿង​ទៅ​ជញ្ជូន​ជម្លៀសចេញ​យ៉ាង​គឃ្លើន ។​
​ប្រជាពលរដ្ឋ ស្រុក​សំបូរ​បាន​ធ្វើ​ការរិះគន់ ទៅ​លើ​ជំនាញ​រដ្ឋបាល​ព្រៃឈើ វឌ្ឍនៈ​និង ផ្នែក​ព្រែក ប្រសព្វ ថា​ជា​អ្នក​បើកដៃ និង​សម្របសម្រួល​អោយ ក្រុម​ឈ្មួញ ទើប​ពួកគេ​មិន​ហ៊ាន ចេញមុខ​ទៅ​បង្ក្រាប ជំនួញ​ឈើ​ខុសច្បាប់ នេះ​។​

​គួរបញ្ជាក់ ថា​ទូក​ដឹកឈើ​ទាំង​នេះ កាលពី​ថ្ងៃ ៣០ ខែតុលា ទូក​មួយ​គ្រឿង​បាន​ជាប់​គឿង​ខ្សាច់​កណ្តាលទន្លេរ​ទៅ​មុខ​មិន​រួច​ព្រោះ​តែ​ផ្ទុក​ឈើ​លើស​ចំណុះ ហើយ​មន្ត្រី​ជំនាញ បាន​ធ្វើ​កំណត់ហេតុ​ឲ្យ រើ​ចុះ​វិញ និង​ដោះលែង​ឲ្យ​រួច​ម្តង​មក​ហើយ ដោយឡែក​ថ្ងៃនេះ​ទូក​របស់​ឈ្មួញ​ឈ្មោះ គ្រូ​ព្រលឹង ដដែល មិន​ត្រឹមតែ​មិន​អនុវត្ត​តាម​កំណត់ហេតុ​ទេ ថែមទាំង​បាន​ទៅ​ដាក់​ឈើ​បន្ថែម​ពេញប្រៀប​ផ្គើន​ទៅវិញ ។​ដោយឡែក​ស្រុក​សំបូរ​គឺជា​ស្រុក​មួយ​ដែល​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​ជា​អចិន្ត្រៃ ដែល​មាន​ទូក តូច​ធំ​ដឹក​ជញ្ជូន​មក​ស្តុក​ដើម្បី​លើក​ដឹក​តាម​រថយន្ត ទៅ​លក់​បន្ត​៕
Woods

មតិយោបល់