កោះកុង ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមអ្នកមានបញ្ហាដីធ្លីប្រមាណជាជាង២០០នាក់ ក្នុងនោះមានទាំងអ្នកមានបញ្ហាដីធ្លីតំបន់បឹងកក់ រាជធានីភ្នំពេញផង បានប្រមូលផ្តុំគ្នា ប៉ងបិទស្ពានខេត្តកោះកុង ដើម្បីជាការដាក់សម្ពាធឲ្យតុលាការដោះលែងតំណាងរបស់ពួកគេម្នាក់ គឺលោក ផន ណុល ដែលត្រូវបានចាប់ឃុំខ្លួនក្នុងបញ្ហាដីធ្លីជាមួយក្រុមហ៊ុនស្ករសរនៅឃុំជីខលើ។
តំណាងអ្នកតវ៉ាម្នាក់បាននិយាយថា នៅព្រឹកថ្ងៃចន្ទនេះ អាជ្ញាធរខេត្តបានយល់ព្រមឲ្យពួកគាត់ជួប ដើម្បីធ្វើការដោះស្រាយពីបញ្ហាជម្លោះដីធ្លីដែលនាំដល់ការចាប់លោក ផន ណុល នោះ។ ប៉ុន្តែនៅ ព្រឹកថ្ងៃចន្ទនេះ ពួកគាត់បានមកប្រមូលផ្តុំគ្នានៅខាងមុខសាលាខេត្តកោះកុង តែបែរជាខាងសាលាខេត្តមិនព្រមជួប ហើយថា លោក ប៊ុន លើក ដែលជាអភិបាលខេត្តកោះកុងមិននៅនោះទេ ដោយរវល់ទៅប្រជុំនៅរាជធានីភ្នំពេញ។ ប្រការនេះហើយ ទើបក្រុមអ្នកតវ៉ា នាំគ្នាដង្ហែជាក្បួនទៅស្ពានខេត្តកោះកុង បម្រុងទៅផ្ទះរបស់លោក ប៊ុន លើក អភិបាលខេត្តកោះកុងតែម្តង។
តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ច ដែលមានទាំងកងរាជអាវុធហត្ថ និងនគរបាលផង បានមករារាំងនៅរង្វង់មូលក្បាលស្ពានកោះកុង ហើយសន្យាថា នឹងពាំនាំនូវបញ្ហាទាំងនោះយកទៅជូនលោកអភិបាលខេត្ត។
ព្រមជាមួយគ្នានេះដែរ ភ្លាមៗខណៈក្រុមប្រជាពលរដ្ឋកំពុងតែធ្វើការតវ៉ា អភិបាលស្តីទីក្រុងខេមរភូមិន្ទ គឺលោក ប៉ែន ប៊ុនឈួយ ក៏បានចេញលិខិតណែនាំមួយផងដែរ ដោយធ្វើការហាមឃាត់ដាច់ខាត មិនឲ្យប្រជាពលរដ្ឋ ធ្វើការប្រមូលផ្តុំគ្នាតវ៉ានៅលើចិញ្ចើមផ្លូវសាធារណៈខាងមុខសាលាខេត្តតទៅទៀតឡើយ។ ក្នុងនោះ ប្រសិនបើប្រជាពលរដ្ឋ ចង់ធ្វើការតវ៉ាដោយការដង្ហែក្បួនណាមួយ គឺចាំបាច់ត្រូវតែធ្វើលិខិតសុំការអនុញ្ញាតិពីអាជ្ញាធរក្រុងជាមុនសិន៕
មតិយោបល់