កំពង់ឆ្នាំង៖អនុវត្តតាមអនុសញ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់សច្ចាប័នជាមួយអង្គការសិទ្ធមនុស្សអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩២ ស្តីពីការបង្កានិងទប់ស្កាត់ប្រឆាំងអំពើធ្វើទារុណកម្មរំលោភសិទ្ធមនុស្ស នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម ម៉ក់ សម្បតិ ប្រធានគណៈកម្មាធិការសិទ្ធមនុស្សរាជរដ្ឋាភិបាលកម្ពុជា និងលោកបណ្ឌិត សាន់ តារ៉ា អគ្គនាយករងរដ្ឋបាល និងទទួលពាក្យបណ្តឹងគណៈកម្មាធិការសិទ្ធិមនុស្ស បានចុះមកផ្សព្វផ្សាយអំពីសិទ្ធមនុស្សនិងច្បាប់ដល់មន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំង។
លោក ពៅ វុទ្ធី ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំងបានរាយការណ៏អោយដឹងថា៖នៅក្នុងមន្ទីរពន្ធនាគារខេត្តមានអាគារឃុំឃាំងសរុបចំនូន៥អាគារ ក្នុងនោះមានអាគារឃុំឃាំងបុរសចំនួន៣អាគារ មាន៦បន្ទប់ អាគារឃុំឃាំងស្ត្រី១អាគារមាន១បន្ទប់ អាគារឃុំឃាំងអនីតិជន១អាគារមាន១បន្ទប់ ដោយឡែកក្នុងនោះមានអាគារប៉ុស្តិ៍សុខភាព១អាគារមាន៥បន្ទប់ អាគារបណ្ណាល័យ១បន្ទប់ អាគារគ្រឹះសាសនា១ខ្នង។ជនជាប់ឃុំនៅក្នុងពន្ធនាគារខេត្តសរុបមានចំនួន៤១៦នាក់ ស្រី២៧នាក់ ក្នុងនោះមាន៖ជនត្រូវចោទ១០៥នាក់ ស្រី៩នាក់, ជនជាប់ចោទ៤០នាក់ ស្រី៤នាក់, ពិរុទ្ធជន៩១នាក់ ស្រី៦នាក់, ទណ្ឌិត១៨០នាក់ ស្រី៨នាក់, ជនបរទេស១១ ស្រី៣នាក់, អនីតិជន១៥នាក់ ស្រី២នាក់,ពិរទ្ធជនជាប់បណ្តឹងឧទ្ធរណ៏១០នាក់ ស្រី១នាក់ ក្នុងនោះអ្នកជាប់ឃុំពុំទាន់មានសាលក្រមស្ថាពរ៨១នាក់ ស្រី៥នាក់, អនីតិជន៣នាក់ និងជនបរទេស២នាក់។
លោក ពៅ វុទ្ធី បានអោយដឹងទៀតថា៖មន្ត្រីធ្វើការនៅក្នុងមន្ទីរពន្ធនាគារខេត្តសរុបមានចំនួន៤០នាក់ស្រី ៣នាក់ ក្នុងនោះមានប្រធាននិងអនុប្រធានពន្ធនាគារមាន៦នាក់ស្រី១នាក់ ប្រធាននិងអនុប្រធានការិយាល័យមាន៧នាក់ប្រុស ប្រធាននិងអនុប្រធានផ្នែក មាន២០នាក់ស្រី២នាក់ ក្នុងនោះមាន៣ការិយាល័យគឺ ១.ការិយាល័យប្រតិបត្តិ ២.ការិយាល័យអប់រំកែប្រែ និង៣.ការិយាល័យម្យោបាយ។នៅក្នុងពិធីបុណ្យអុំទូកនិងសំពះព្រះខែនេះមន្ទីរពន្ធនាគារខេត្តបានធ្វើសំណើរទៅថ្នាក់លើសុំបន្ធូរបន្ថយទោសពិរុទ្ធជនចំនូន២៤នាក់ ស្រី២នាក់ ក្នុងនោះគឺសុំបន្ធូរបន្ថយទោស១២ខែចំនូន១០នាក់ ៩ខែចំនួន៥នាក់ និង៦ខែចំនួន ៩នាក់។
ឯកឧត្តម ម៉ក់ សម្បត្តិ ប្រធានគណៈកម្មធិការសិទ្ធិមនុស្សរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៏នៅក្នុងពិធីប្រជុំផ្សព្វផ្សាយនេះថា៖មន្ទីរពន្ធនាគារគឺជាមជ្ឈមណ្ឌុលអប់រំ និងកែប្រែមនុស្សដែលជាប់ទោសអោយភ្ញាក់រលឹកធ្វើអំពើល្អ មិនមែនជាកន្លែងធ្វើទារុណកម្មមនុស្សឡើយ។ កន្លងមកប្រធាន អនុប្រធាន និងមន្ត្រីពន្ធនាគារមួយចំនួនត្រូវបានចាប់ដាក់គុក និងដកបញ្ឈជើង ព្រោះតែពួកគេបានធ្វើទារុណកម្មទៅលើអ្នកជាប់ទោស កន្លែងខ្លះមានអ្នកទោសប្រើថ្នាំញៀន ប្រើអ្នកទោសអោយជួញដូរថ្នាំញៀន បង្កើតស្វ័យការពារអោយអ្នកទោសធ្វើទារុណកម្មលើអ្នកទោសដូចគ្នា របៀបបងធំបងតូចនៅក្នុងពន្ធនាគារ ដែលសុទ្ធតែជាអំពើខុសច្បាប់។
ឯកឧត្តម ម៉ក់ សម្បត្តិ បានធ្វើការផ្តាំផ្ញើដល់មន្ត្រីពន្ធនាគារក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ថា៖ដើម្បីប្រឆាំងអំពើធ្វើទារុណកម្ម និងដើម្បីគោរពសិទ្ធិមនុស្ស មន្ត្រីពន្ធនាគារត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីសិទ្ធិមនុស្ស អោយបានល្អ ពិសេសការគ្រប់គ្រងអ្នកជាប់ទោសក្នុងពន្ធនាគារត្រូវអោយពូកគេរស់នៅក្នុងបន្ទប់ឃុំឃាំងទៅតាមមុខសញ្ញាអ្នកទោសដោយឡែកៗពីគ្នា គឺស្ត្រីត្រូវនៅបន្ទប់ផ្សេងពីបុរស។ នៅក្នុងបន្ទប់ឃុំឃាំងកុំដាក់អ្នកទោសអោយរស់នៅចង្អៀតដេកមិនកើត ត្រូវបញ្ចេញអ្នកទោសពីបន្ទប់ឃុំឃាំងយ៉ាងហោចណាស់ក្នុង១ថ្ងៃអោយបាន១ម៉ោង ដើម្បីស្រូបយកខ្យល់អាកាសការពារកុំអោយគេមានជម្ងឺឈឺថ្កាត់។ត្រូវគិតគូរអោយមានទឹកងូតនិងទឹកហូបគ្រប់គ្រាន់ និងត្រូវបញ្ជូនអ្នកទោសទៅមន្ទីរពេទ្យេជាបន្ទាន់ពេលអ្នកទោសមានជម្ងឺ ប្រឆាំងជាដាច់ការធ្វើទារុណកម្មលើអ្នកជាប់ទោស៕
មតិយោបល់