ព័ត៌មានជាតិ

ឃាត់​ស្ត្រី​ម្នាក់​សង្ស័យ​លួងលោម​ក្មេងស្រី​ជនជាតិភាគតិច​យកទៅ​លក់​ព្រហ្មចារី​ឲ្យ​អ្នកមានលុយ​

​ត្បូងឃ្មុំ ៖ ស្ត្រី​ម្នាក់ ជាប់​ពាក់ព័ន្ធ និង​សកម្មភាព នាំ​ក្មេងស្រី ជនជាតិភាគតិច​ទំពួន ពី​ខេត្ត​រតនគិរី យកទៅលក់​នៅ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ស្ទាក់​ឃាត់ខ្លួន យក​ទៅ​សួរនាំ​។​ការឃាត់ខ្លួន​នេះ​ធ្វើរ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី ៣ ខែវិច្ឆិការ ឆ្នាំ​២០១៤ នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។​

​មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បានឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​មានឈ្មោះ វី ស្រីនាត អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​១​ឃុំ​ឡា​ម៉ិញ ស្រុក​ប​កែវ ខេត្ត​រតនគីរី​។​ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ត​.​ម​.​ច​.​ធ អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​១ ឃុំ​ឡា​ម៉ិញ ស្រុក​ប​កែវ ខេត្ត​រតនគីរី​។​

​មន្ត្រីនគរបាល ព្រហ្មទណ្ឌ​ក្រុង​សួង បាន​ថ្លែងឲ្យដឹងថា ក្រោយ​មាន​ករណី ជួញដូរ​មនុស្ស នៅ​ខេត្ត​រតនគិរី រួចមក នោះ ស្នងការ​នគរបាល ខេត្ត​រតនគិរី បាន​ទាក់ទង​មក​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ ឲ្យជួយ​ស្ទាក់ និង​តាមដាន ស្រាវជ្រាវ បង្ក្រាប​បទល្មើស​មួយ​នេះ ។​

​មន្ត្រីនគរបាល បាន​បន្តទៀតថា ក្រោយ​មាន​សេចក្តី រាយការណ៍ ខាងលើ កើតចេញពី ខេត្តរតនគិរី​នោះ ស្នងការ នគរបាល ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជា​ឲ្យ កម្លាំង​នគរបាល​ជំនាញ និង​កម្លាំង​នគរបាល តាម​ស្រុក​ក្រុង ចាំ​ឃ្លាំមើល ដើម្បី​ចាប់ខ្លួន ជនសង្ស័យ និង​ជួយ​សង្គ្រោះ​ក្មេងស្រី​រងគ្រោះ​។​

​បើ​តាម​មន្ត្រី នគរបាល ដដែល ស្រាប់តែ​នៅវេលា​ម៉ោង ៤៖០៤​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ កម្លាំង នគរបាល បានឃើញ​មុខសញ្ញា និង​ក្មេងស្រី​រងគ្រោះ ហើយ​ក៏​ធ្វើ​ការឃាត់ខ្លួន​តែម្តង​។​
​ក្រោយ​ការឃាត់ខ្លួន និង​សួរ នាំ​រួចមក នគរបាល​ក្រុង​សួង បានប្រគល់​ជនសង្ស័យ និង​ក្មេងស្រី​រងគ្រោះ ទៅឲ្យ នគរបាល ខេត្តរតនគិរី​វិញ ដែល​ជា​ម្ចាស់​ករណី ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ផង​ដែរ​កាលពី​ព្រឹក​ថ្ងៃទី​៤​នេះ​៕
Ratanakiri (2)
Ratanakiri (1)

មតិយោបល់