ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃនេះ បានចុះទៅពិនិត្យសកម្មភាពបង្កបង្កើនផលរបស់ពលរដ្ឋក្នុងមូលដ្ឋាន និងបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរសមត្ថកិច្ចពាក់ព័ន្ធស្តីពីបច្ចុប្បន្នភាព នៃការចុះឈ្មោះបោះឆ្នោត បច្ចុប្បន្នភាពនៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនៅខេត្តកំពង់ធំ។
កិច្ចប្រជុំនោះលោករដ្ឋមន្រ្តីបានជំរុញលើសកម្មភាពបង្កបង្កើនផល និងការទិញស្រូវពីប្រជាពលរដ្ឋឱ្យបានផុលផុសពីក្រុមអ្នកធុរៈជនក្នុងខេត្ត ក៏ដូចជាមន្រ្តីអ្នកមុខអ្នកការដែលមានលទ្ធភាព ហើយនិងការត្រៀមលក្ខណៈទប់ទល់នឹងទឹកជំនន់ដែលអាចកើតមានឡើងជាយថាហេតុ និងរកយុទ្ធសាស្រ្តក្នុងការរក្សាទឹកទុកនារដូវប្រាំងខាងមុខ ឱ្យបានល្អប្រសើរជៀសជាងកង្វះទឹកប្រើប្រាស់ដូចឆ្នាំកន្លងទៅ។
ជាមួយគ្នានោះលោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ឡើងវិញ ពីសំណើឆ្វៀលដីតំបន់៣ និងតំបន់២ឱ្យទៅប្រជាពលរដ្ឋឱ្យមានសមភាពនិងបានស្នើសុំកែសម្រួលផ្ទៃដីនៅតំបន់អភិរក្ស សត្វខ្សឹប ជាសត្វកម្រ ក៏ដូចជាការគ្រប់គ្រងតម្លៃប្រើប្រាស់អគ្គីសនី និងតម្រូវការចាំបាច់នៃ សាលារៀនក្នុងខេត្ត ក្រុង-ស្រុក៕
មតិយោបល់