ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិភ្នំដំបង មានការព្រួយបារម្ភពី សុខភាពកូនតួចៗរបស់គាត់ ដោយសារតែមានក្មេងជាច្រើនកំពុង មានអាការៈក្អកក្អួតជាប់ៗគ្នា ជាច្រើននាក់ ។ ហេតុការណ៏ក្មេងកើតជំងឺក្អកនេះ បានកើតឡើងនៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ មានកុមារាម្នាក់ឈ្មោះ ម៉ឹង មាំង អាយុ១១ឆ្នាំ មានអាការៈ ក្អកក្អួតជាប់ៗគ្នា អស់រយៈពេល៣ថ្ងៃ រហូតដល់ទាញមាត់ ទាញកទទ្រើត ស្ទើរនិយាយអ្វីមិនកើត,ទើបម្តាយមានការភ័យបារម្ភខ្លាំងពេក ក៏ដឹកតាមម៉ូតូយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ភ្លាមៗ ។ កុមារារងគ្រោះ មានឈ្មោះ ម៉ឹង មាំង អាយុ១១ ឆ្នាំ ដែលមានឪពុក ឈ្មោះ ម៉ឹង វន អាយុ៤៨ឆ្នាំ ជាទាហាន និងម្តាយ ឈ្មោះ យុង វ៉ាន់ អាយុ៤៣ឆ្នាំ រស់នៅភូមិកើត ហេតុខាងលើ ។
ប្រភពព័ត៌មានពីឈ្មោះ ម៉ឹង វន អាយុ៤៨ឆ្នាំ ជាឪពុកកុមារារងគ្រោះបានរៀបរាប់ឱ្យដឹងថា៖ កូនប្រុសរបស់គាត់បានក្អកអស់រយៈពេល៣ថ្ងៃមកហើយ គឺមិនមានជម្ងឺផ្តាសាយអ្វីនោះទេ ,ការក្អកនេះ គឺក្អកជាប់ៗគ្នា ព្រមទាំងក្អួតចង្អោរ ហើយពេលខ្លះ ស្ទើរតែដកដង្ហើមមិនរួច ។ រូបគាត់បន្តទៀតថា៖ អាការៈក្អកក្អួតនេះមិនមែនកើតតែចំពោះកូនគាត់ម្នាក់ទេ គឺក្មេងតូចៗចាប់ពីអាយុ១១ឆ្នាំចុះក្រោម នៅក្នុងភូមិភ្នំដំបង ក៏មានអាការបែបនេះដែរ អ្នកខ្លះមិនធ្ងន់ធ្ងរ អ្នកខ្លះធ្ងន់ធ្ងរ ដូចកូនប្រុសរបស់គាត់ជាដើម រហូតដល់ញាក់មាត់ (វៀចមាត់) ទើបគាត់មានបារម្ភពីអាយុជីវិតកូនរបស់គាត ខ្លាចមានគ្រោះថ្នាក់ឱ្យប្តីដឹកតាមម៉ូតូបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែម្តង ។ ប្រភពបន្តទៀតថា៖ នៅក្នុងភូមិមានក្មេងដែលកើតជំងឺក្អកនេះ ប្រហែលជា៥ ទៅ៦ គ្រួសារ ចំណែកអ្នកជិតខាងគាត់មួយចំនួនអ្នកខ្លះគេផ្សំថ្នាំតាមភូមិឱ្យលេប បានជាធូរស្បើយដូចដើមវិញ អ្នកខ្លះទៀតនៅបន្តក្អកក្អួតដូចៗគ្នា មិនទាន់ជាសះស្បើយនៅ ឡើយទេ ។
ប្រពភពីប្រជាពលរដ្ឋដែលរស់នៅភូមិភ្នំដំបងបានឲ្យដឹងថា៖ ការក្អករបស់តួចៗមានអាការៈប្រហាក់ប្រហែលគ្នាទាំងអស់ គឺដូចក្មេងខាងលើនេះ អ្នកខ្លះមានអាការហៀរសំបោរឬផ្តាសាយនោះឡើយនោះទេ ។ប្រភពបន្តថា៖ ពេលនេះពួកគាត់បានដើរផ្សំថ្នាំតាមតូបឱ្យកូនៗរបស់ខ្លួនគាត់លេប តែបើនៅតែមានអាការក្អករហូតដល់វៀចមាត់ ដូចក្មេងតូចខាងលើពួកគាត់នឹងយកមកពិនិត្យនៅមន្ទីរពេទ្យខេត្តផងដែរ ។
ប្រភពពីគ្រូពេទ្យប្រចាំការបានឱ្យដឹងថា៖ អាការៈក្អករហូតដល់ក្អួតនេះ ជួនកាលអាចមកពី រលាកបំពង់ក ឬមានស្លេស្មនៅជាប់ក្នុងបំពង់ក ហើយក្មេងខ្លះមិនអាចខាកស្តោះដូចមនុស្សចាស់បាន ទើបមានការក្អួតបែបនេះ ។ ចំពោះការក្អកក្អួតរហូតដល់ ទាញមាត់ទាញកបែបនេះលោកគ្រូពេទ្យមិនទាន់ដឹងថា មានអ្វីកើតឡើងនៅឡើយទេ ចំមើលអាការៈបន្ត ព្រោះកំពុងតែព្យួរសេរ៉ូមពិនិត្យតាមដាន ៕
មតិយោបល់