ភ្នំពេញៈ កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូមួយគ្រឿង ជិះឌុបគ្នា២នាក់ម្តាយនិងកូន ដែលទើបចេញពីរោងចក្រ នៅត្រង់ចំណុចផ្លូវបែក បណ្តាលឲ្យផ្លោងខ្ទាតផ្ទប់ទៅនឹងតុលៀសហាល រងរបួសធ្ងន់-ស្រាល ទាំងពីរនាក់ រថយន្តនិងម៉ូតូរងខូចខាត រីឯលៀសហាលកំពប់ពេញផ្លូវ
ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជាម្តាយឈ្មោះ ឡាយ សុទ្ធារី អាយុ៤៥ឆ្នាំ រងរបួសស្រាល ចំណែកកូនប្រុសឈ្មោះ សៅ ដារ៉ូ អាយុ២០ឆ្នាំ រងរបួសធ្ងន់ ហើយធ្វើការនៅរោងចក្រទាំងពីរនាក់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ នៅក្បែរកន្លែងកើតហេតុ នឹងមានស្រុកកំណើត
នៅភូមិដា ឃុំដា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក្រចេះ 1C-2284 ដោយកូនប្រុសជាអ្នកបើកបរ ទើបជិះចេញពីរោងចក្រ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ផ្លូវបែកជាបួន គាប់ជូនក៏មានរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AL-0481 ដឹកទំនិញរោងចក្រ ដែលបើកពីត្បូងទៅជើងជាន់ ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូ ផ្លោងខ្ទាតទៅផ្ទប់នឹងតុលក់លៀសហាល បណ្តាលឲ្យកូនរងរបួសធ្ងន់ រីឯម្តាយរងរបួសស្រាល ចំណែករថយន្តនិងម៉ូតូរងការខូចខាតនិង កំពប់លៀសហាលទៅដី ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅគ្លីនិក ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះទៅវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់