កោះកុង៖ ក្រុមមន្ត្រីគយចល័តខេត្តកោះកុង ដឹកនាំដោយលោក ជឿន សាវ៉ុន កាលពីចុងសប្ដាហ៍ កន្លងទៅ បានបើកប្រតិបត្តិការ ទៅលើទូកដឹកទំនិញចំនួន២គ្រឿងនៅចំណុចភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយរឹបអូសបានម៉ូតូស៊េរីទំនើប យ៉ាងហោចណាស់២០គ្រឿង ។ ប៉ុន្តែម៉ូតូទាំងនោះត្រូវបានរក្សាទុកជាការសម្ងាត់ ដោយមិនឲ្យបែកធ្លាយព័ត៌មានខ្ចរខ្ចាយ ដល់អ្នកសារព័ត៌មានឡើយ។យោងតាមសេចក្ដីរាយការណ៍ថា អំឡុងពេលនោះ គេក៏បានធ្វើការឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន៤នាក់ផងដែរ នៅក្នុងសកម្មភាពបង្ក្រាបនោះ ។
សេចក្តីរាយការណ៍បន្តថា ទូកដែលត្រូវបានសមត្ថកិច្ចឃាត់ ភាគច្រើនជាទូកដែលពុំមានទំនាក់ទំនងជាមួយសមត្ថកិច្ចជាមុន ហើយទំនិញដែលគេឃាត់បានទាំងនោះ ពេលខ្លះត្រូវបានមន្ត្រីគយអនុញ្ញាតឲ្យម្ចាស់យកទៅវិញ ដោយគ្រាន់តែផ្ដល់លុយហោប៉ៅក្រៅបញ្ជី សម្រាប់មន្ត្រីទាំងនោះ ។
ទាក់ទងបញ្ហានេះ លោក ជឿន សាវ៉ុន ពេលត្រូវបានសម្ភាសន៍តាមទូរស័ព្ទ បានប្រាប់ឲ្យទៅទីស្នាក់ការរបស់លោក ប៉ុន្តែពេលទៅដល់ លោកបែរជាប្រាប់មន្ត្រីក្រោមឱវាទឲ្យបដិសេធចំពោះការផ្ដល់ព័ត៌មានជុំវិញករណីរឹបអូសម៉ូតូនោះទៅវិញ ដោយសុំរក្សាទុកជាការសម្ងាត់ ៕
មតិយោបល់