ខេត្តប៉ៃលិន ៖ ជនសង្ស័យ២នាក់ ត្រួវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋានស្រុកសាលាក្រៅ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធការចរាចរណ៏ក្រដាស់ប្រាក់ដុល្លារក្លែងក្លាយ ដើម្បីទិញម៉ូតូនៅស្រុកកំរៀង ខេត្តបាត់ដំបង ខណៈពេលម្ចាសម៉ូតូដឹងពីក្រដាស់ប្រាក់ដុល្លារក្លែងក្លាយ ទើបប្តឹងសមត្ថកិច្ចឲ្យស្ទាក់ចាប់ឃាត់ខ្លួន ពេលធ្វើដំណើរមកខេត្តប៉ៃលិនវិញ ។ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១០១៤ នៅលើបណ្តោយផ្លូវជាតិលេខ៥៩ ត្រង់ចំណុចមុខអធិការស្រុកសាលាក្រៅ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១. ឈ្មោះ សុវណ្ណ ឧត្តម ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតរស់នៅភូមិក្រពើហា សង្កាត់តាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ទី២. ឈ្មោះ តែ សំបូរ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបររថយន្តម៉ាកកាមរីស៊េរីឆ្នាំ៩១ ពណ៌ទឹកប្រាក់ អត់ស្លាកលេខ មានស្រុកកំណើត នៅសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅ ភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីសមត្ថកិច្ចនៃអធិការដ្ឋានស្រុកសាលាក្រៅ បានឱ្យដឹងថា៖ មុនពេលកើតហេតុ មានសេចក្តីរាយការណ៍តាមទូរស័ព្ទមកពីស្រុកកំរៀង ខេត្តបាត់ដំបង ថាមានមនុស្សចំនួន២នាក់ (មិនស្គាល់អត្តសញ្ញាណ) បានបើកបររថយន្តមួយគ្រឿងមួយគ្រឿង ម៉ាកកាមរីស៊េរីឆ្នាំ៩១ ពណ៌ទឹកប្រាក់ អត់ស្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តាយផ្លូវជាតិលេខ៥៩ ដោយពួកគេទាំងនោះបានយកក្រដាសប្រាក់ដុល្លារក្លែងក្លាយមួយចំនួន ដើម្បី ទៅរកទិញម៉ូតូពីបុរសម្នាក់ នៅស្រុកកំរៀង ។ប្រភពបន្តថា៖ ក្រោយមកម្ចាស់ម៉ូតូស្គាល់ថាជាក្រដាសប្រាក់ដុល្លារក្លែងក្លាយ ទើបមិនព្រមលក់ឱ្យជនសង្ស័យទាំង២នាក់នោះ បន្ទាប់មកពួកគេ ប្រហែលជាដឹងខ្លួន ក៏បើកបររថយន្តចេញពីស្រុកកំរៀងឆ្ពោះមកខេត្តប៉ៃលិនវិញ ។ប្រភពបន្តទៀតថា៖ គ្រាន់តែទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋានស្រុកសាលាក្រៅ ក៏បានដាក់ពង្រាយកងកម្លាំងជាច្រើននាក់ ដើម្បីស្ទាក់ចាប់ឃាត់ខ្លួនពួកគេទាំងនោះ ។ លុះនៅម៉ោង១០យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១០១៤ ក៏ឃើញរថយន្តដូចសេចក្តីរាយការណ៍ខាងលើ រួចកម្លាំងបានស្ទាក់ឃាត់ខ្លួនតែម្តង ។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចឆែកឆេរឃើញក្រដាសប្រាក់ដុល្លារក្លែងក្លាយនៅក្រោម កំរាលជាន់ ដោយមានក្រដាស១០០ដុល្លារ ចំនួន១៨សន្លឹក ស្មើរ១៨០០ដុល្លារ(មួយពាន់ប្រាំបីរយដុល្លារ) ។
បន្ទាប់មកពួកគេជនសង្ស័យទាំងពីរនាក់ បានសារភាពថា គឺខ្លួនពិតជាបានប្រើប្រាស់ក្រដាសប្រាក់ដុល្លារក្លែងក្លាយយកទៅដើររកទិញម៉ូតូប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចនគរបាល នៃអធិការដ្ឋានស្រុកសាលាក្រៅ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់នេះ ទៅស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់