ភ្នំពេញៈ រថយន្តលុចស៊ីស RX300 មួយគ្រឿង បើកបុករថយន្ត LX570 ពីចំហៀងក្រឡាប់ផ្ងារជើង រងការខូចខាតទាំងសងខាង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុចផ្លូវបេតុបែកជាបួន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្តលុចស៊ី RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O 4445 បើកបរដោយបុរសម្នាក់ ។ ចំណែកឯរថយន្តលុចស៊ីស LX 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS 9899 បើកបរដោយនារីម្នាក់ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តលុចស៊ីស LX570 បានបើកបរតាមបណ្តោយផ្លូវបេតុ ក្នុងទិសដៅពីលិចទៅកើត លុះពេលដល់មកចំណុចផ្លូវបែកជាបួន ក៏មានរថយន្តម៉ាកលុចស៊ីស RX300 បើកបរតាមផ្លូវបេតុពីត្បូងទៅជើង ក៏បានបុកចំខាងស្តាំ នៃរថយន្តលុចស៊ីស LX570 បណ្តាលឱ្យក្រឡាប់ផ្ងារជើងតែម្តង ។
នៅក្រោយពេលកើតហេតុ រថយន្តទាំងពីគ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ឱ្យសមត្ថកិច្ចជំនាញរាជធានីភ្នំពេញ ចុះធ្វើការវាស់វែង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់