ខេត្តប៉ៃលិន៖ ជនសង្ស័យម្នាក់ ដែលគេស្កាល់ថា ជាមេធាវីជំនាញបោកប្រាស់ប្រជាពលរដ្ឋ ត្រួវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។ ហេតុការណ៏ចាប់ឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិអូរពើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនសង្ស័យដែលជាមេធាវីបោកប្រាស់ឈ្មោះ សុខ ស៊ីណា ភេទប្រុស អាយុ៤៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះឈ្មោះ ណាយ ប៊ុនថន ភេទប្រុស អាយុ៤៤ឆ្នាំ ជាប៉ូលីស មានស្រុកកំណើតភូមិបឹងលាច ឃុំចំបក ស្រុកបាទី ខេត្តតាកែវ ,បច្ចុប្បន្នរស់នៅភូមិអូរពើត សង្កាត់ទូលល្វា ក្រុង-ខេត្តប៉ៃលិន ដោយបោកប្រាស់អស់ប្រាក់ចំនួន៣០ម៉ឺនរៀល ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា៖ មុនពេលកើតហេតុ, កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ ជនរងគ្រោះ បានអង្គុយយាមនៅសាលាដំបូងខេត្តប៉ៃលិន ស្រាប់តែឃើញជនសង្ស័យម្នាក់ឈ្មោះ សុខ ស៊ីណា កំពុងរត់ការរឿងអ្វី ក៏មានការទំនាក់ទំនងគ្នា ដោយជនសង្ស័យ បានសួរនាំពីរឿងកូនប្រុសរបស់ជនរងគ្រោះដែលជាប់ពន្ធនាគា ពេលនោះជនសង្ស័យបាននិយាយថាចាំគេជាអ្នករត់ការឲ្យ ដើម្បីឲ្យកូនរបស់ជនរងគ្រោះមកនៅក្រៅឃុំ ,បន្ទាប់មក ជនសង្ស័យបានទាលុយពីជនរងគ្រោះ ចំនួន១០ម៉ឺនរៀល ដើម្បីចាក់សាំងឡាន រត់ការ ។ ប្រភពបន្តថា៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ជនរងគ្រោះបានទៅភ្នំពេញ ស្រាប់តែជនសង្ស័យបានទូរស័ព្ទ ទាលុយចំនួន១០០ដុល្លារថែមទៀត ដើម្បីទៅជួបជាមួយទីប្រឹក្សាលោកជំទាវ បាន ស្រីមុំ ឲ្យជួយនិយាយ ដើម្បីឲ្យកូនជនរងគ្រោះចេញពីពន្ធនាគា ប៉ុន្តែជនរងគ្រោះមិនមានលុយ១០០ដុល្លារនោះទេ មានតែ២០ម៉ឺនរៀលប៉ុណ្ណោះ ហើយនៅថ្ងៃនោះដែរជនរងគ្រោះបានវេលុយ តាមវីង ចំនួន២០ម៉ឺន ទៅឲ្យជនសង្ស័យ ចំណែកថ្លៃទឹកវេលុយគឺជនសង្ស័យជាអ្នកចេញ ។ ប្រភពបន្តទៀតថា៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង៩ និង០០នាទីព្រឹក ជនសង្ស័យ បានទូរស័ព្ទមកជនរងគ្រោះម្តងទៀត ដោយឲ្យត្រៀមលុយចំនួន១២០០ដុល្លារ ដើម្បីប្រគល់ឲ្យដើមបណ្តឹង រួចក៏បិទទូរស័ព្ទ ។ បន្ទាប់មកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង៩ និង០០នាទីព្រឹក ជនសង្ស័យបានទូរស័ព្ទថា បានចេញដំណើមកហើយ មិនដឹងដល់ម៉ោងប៉ុន្មានទេ ,ដោយចាំយូរពេកនៅវេលាម៉ោង១៦ រសៀល ជនរងគ្រោះបានទូរស័ព្ទទៅជនសង្ស័យ ពេលនោះជនសង្ស័យនិយាយថា រថយន្តខួចមិនបានទៅទេ ។ ប្រភពបន្តទៀតថា៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្រាប់តែជនសង្ស័យមកដល់ផ្ទះជនរងគ្រោះ ដោយ ឲ្យជនរងគ្រោះប្រគល់លុយចំនួន១២០០ដុល្លារ រួចជនសង្ស័យក៏រៀបចំឯកសារឲ្យមើល ប៉ុន្តែដោយឃើញសកម្មភាពមិនសូវស្រួល ជនរងគ្រោះក៏បានតេទូរស័ព្ទ ប្តឹងសមត្ថកិច្ចស្នងការនគរបាលខេត្តប៉ៃលិនតែម្តង ។
លោក មាស សុផុន នាយការិយាល័យព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានមានប្រសាសន៏ឲ្យដឹងថា៖ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងសុំយោបល់ពីព្រះរាជអាជ្ញាអមសាលាដំបួងខេត្ត កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ទកម្រិតធ្ងន់-ស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បាននាំកម្លាំងចុះអនុវត្តន៏ច្បាប់ ចាប់ជនសង្ស័យឈ្មោះសុខ ស៊ីណា ពីបទឆបោក បាននៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិអូរពើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ព្រមទាំងរិបអូសបានរថយន្ត ម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-0898 មួយគ្រឿង រួចបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្ត ។ បច្ចុប្បន្ន ជនសង្ស័យត្រួវបានការិយាល័យព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត រៀបចំឯកសារបញ្ចូនទៅកាន់តុលាការកាត់ទោសតាមផ្លូវច្បាប់៕
មតិយោបល់