កំពង់ឆ្នាំង៖សមាជិកក្រុមប្រឹក្សាឃុំឆ្នុកទ្រូម្នាក់បានលង់ទឹកស្លាប់ ខណៈពេលដែលគាត់កំពុងបើកកាណូតលើសឈាមធ្លាក់ចូលទឹកទន្លេ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ចំណុចកន្ធរ ក្នុងភូមិឆ្នុងទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌។
សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌បានអោយដឹងថា៖ជនរងគ្រោះខាងលើ ឈ្មោះ ជួន ទៀង អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ ជាសមាជិកក្រុមប្រឹក្សាឃុំឆ្នុកទ្រូ។មុនពេលកើតហេតុរូបគាត់បានបើកកាណូតបាឡាម្នាក់ឯងចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅចំណុចកន្ធរ ពេលកំពុងបើកកាណូតសុខៗ ក៏ស្រាប់តែគេឃើញគាត់ដួលធ្លាក់ទឹកទន្លេ ភ្លាមនោះប្រជាពលរដ្ឋ នៅចំណុចកើតហេតុបាននាំគ្នាមុជទឹករាវរក។
ក្រោយពីប្រជាពលរដ្ឋបាននាំគ្នាមុជរកជា១ម៉ោងរួចមក នៅម៉ោង៨និង៤៥នាទីទើបរកសពគាត់ឃើញ ហើយក៏បានដឹកបញ្ជូនមកកាន់លំនៅដ្ឋាន។ក្រុមគ្រូសារជនរងគ្រោះបានអោយសមត្ថកិច្ចដឹងថា៖ជនរងគ្រោះមានជម្ងឺលើសឈាម ករណីធ្លាក់ទឹកលង់ស្លាប់នេះត្រូវបានក្រុមគ្រួសារអោយដឹងថាប្រហែលជាគាត់លើសឈាម ទើបធ្លាក់ក្នុងទឹកទន្លេលង់ស្លាប់បែបនេះ។
សពលោក ជួន ទៀង សមាជិកក្រុមប្រឹក្សាឃុំឆ្នុកទ្រូ ត្រូវបានក្រុមគ្រួសារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមធ្វើបុណ្យទានយ៉ាងអធឹកអធមតាមប្រពៃណីនៅក្នុងលំនៅដ្ឋានរបស់សពភូមិឆ្នុកទ្រួ៕
មតិយោបល់