ព័ត៌មានជាតិ

គោមួយហ្វូងរត់កាត់ផ្លូវថ្នល់ ត្រូវរថយន្តក្រុមហ៊ុន ភ្នំពេញ សូរិយា ដឹកអ្នកដំណើរ បុកងាប់មួយក្បាល នៅផ្លូវជាតិលេខ៣

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរវាងរថយន្តក្រុងនិងសត្វគោ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្បែរខ្លោងទ្វារវត្តអង្គត្រគៀត ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តក្រុង របស់ក្រុមក្រុមហ៊ុន ភ្នំពេញ សូរិយា ដឹកជញ្ជូនអ្នកដំណើរ 168 ពណ៌ក្រហមលាយស ដែលពាក់ផ្លាកលេខ ភ្នំពេញ 3E-9601 កំពុងដឹកអ្នកដំណើរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វគោមួយហ្វូងប្រហែលជា១០ក្បាល បានរត់ឆ្លងផ្លូវពីកើតទៅលិច បណ្តាលឲ្យវាក់អឺ រថយន្តជាន់ហ្វ្រាំងមិនទាន់ ពេលនោះសត្វគោញីមួយក្បាលពណ៌ស បានរត់មកចំពីមុខរថយន្តត្រូវរថយន្តបុកបណ្តាលឲ្យខ្ទាតងាប់ភ្លាមៗ ។

បន្ទាប់ពីកើតហេតុ តៃកុងរថយន្តបានស្វែងរកម្ចាស់ដែរ តែរកមិនឃើញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងទាក់ទងតាមបណ្តាភូមិ ដើម្បីស្វែងរកម្ចាស់គោឲ្យមកដោះស្រាយជាមួយខាងរថយន្ត។

មតិប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ តាមបណ្តោយផ្លូវខាងលើ បាននិយាយថា ភាគច្រើនសត្វទាំងនោះម្ចាស់តែងតែប្រលែងជាហ្វូងៗ ឲ្យដើរស៊ីស្មៅដោយគ្មានខ្សែរឺក្រឡុះទេ ព្រែបដូចជាសត្វដែលគ្មានម្ចាស់ចឹង បើមានការបាត់បង់នោះ តែងតែរត់រកអាជ្ញាធរឲ្យជួយស្វែងរក តែបើមានបញ្ហាដូចខាងលើ គឺរកម្ចាស់មិនដែលឃើញទេគឺលាក់មុខជិតតែម្តង ដូច្នេះប្រជាពលរដ្ឋ ដែលមានសត្វគោដែលចូលចិត្តប្រលែងទាំងហ្វូង ដូចហ្វូងគោខាងលើ មេត្តាមានទំនួលខុសត្រូវ រាល់បញ្ហាដែលកើតមានភ្លាមៗ ជាក់ស្តែងដូចករណីខាងលើ គឺរកម្ចាស់គោមិនឃើញសោះ ៕

មតិយោបល់