បន្ទាយមានជ័យ៖ប៉ូលិសអន្តោប្រវេសន៍ ប្រចាំប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតសហការណ៍ជាមួយ និងកំលាំងអន្តោប្រវេសន៍ស្នងការខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ជនជាតិបង់ក្លាដែស ចំនួន ១៤ នាក់ ដែលប្រើឯកសារក្លែងក្លាយបម្រុងឆ្លងដែនចេញពីកម្ពុជា ។ ការឃាត់ខ្លួនជនបរទេសបញ្ជូនទៅអគ្គអន្តោប្រវេសន៍ នៅរាជធានីភ្នំពេញធ្វើឡើងកាលពីរសៀលម៉ោង ៥ ថ្ងៃទី២២ វិច្ឆិកា ២០១៤ ។
តាមប្រភពព័ត៍មានដែលទទួលបានជនបរទេសទាំង១៤នាក់ខាងលើ បានធ្វើដំណើរពីភ្នំពេញមកកាន់ព្រំដែនកម្ពុជា-ថៃនៃក្រុងប៉ោយប៉ែត ដោយស្នាក់នៅក្នុងបន្ទប់ មួយនៃផ្ទះសំណាក់យីហោ ៩៩៩ ស្ថិតនៅម្តុំផ្សារយួនភូមិក្បាលស្ពាន ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមឆ្លងដែនបន្តទៅប្រទេសថៃ តាមច្រករបៀង និងច្រកអន្តរជាតិ ។
តាមការដឹងមូហេតុដែលនាំអោយមានការឃាត់ខ្លួនជនបរទេសទាំងនេះ គឺដោយសារតែជនបរទេសទាំងនេះគ្មានឯកសារ ឬធ្វើបែបបទឆ្លងដែនខុសច្បាប់ ។ ហើយមានការបង្ហើបអោយដឹងទៀតថា នៅមានជនបង់ក្លាដេស១០ នាក់ទៀតកំពុងត្រូវបានសមត្ថកិច្ចតាមចាប់ ។
ដោយឡែកបើតាមប្រជាពលរដ្ឋដែលនៅក្បែផ្ទះសំណាក់បានអោយដឹងថា ជនបរទេសស្បែកខ្មៅជាច្រើននាក់ខាងលើបានចេញចូលស្នាក់នៅពីមុនមកដែរ ដោយពួកគាត់ស្មានតែជាពួកឥណ្ឌាលក់មុង ។
ទាក់ទងនិងព័ត៍មានជាក់លាក់ជាងនេះទៀត អ្នកយកព័ត៍មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីនគរបាលជំនាញឡើយ ដោយគ្រាន់តែដឹងថា ជនទាំងនេះត្រូវបានចាប់បញ្ជូនទៅរាជធានីភ្នំពេញទាំងយប់ ៕
មតិយោបល់