ព័ត៌មានជាតិ

ឃាត់ខ្លួន​មុខសញ្ញា​រកស៊ី​គ្រឿងញៀន​ម្នាក់​នៅ​ស្រុក​សំពៅ​លូន​

​បាត់ដំបង​៖ ស្ត្រី​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់ និង​រក្សា​ទុក​គ្រឿងញៀន​ខុសច្បាប់​ត្រូវ​បាន​​កំលាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង 8 និង 45 នាទី​​យប់​ថ្ងៃ​ទី 25-11-14 ត្រង់​ចំនុច​ភូមិ​រស្មី ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ខណ​:​ដែល​​មុខសញ្ញា​រូបនេះ​កំពុង​ធ្វើចរាចរ​នៅតាម​ដងផ្លូវ ។​

តាម​ការអះអាង​ពី​លោក វរ​:​សេនីយ៍​ទោ ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន​​បានបញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន​នូវ​សេចក្តី​រាយ​ការ​ពី​កំលាំង ក ស អំពី​សកម្មភាព​ការធ្វើ​ចរាចរ​​គ្រឿងញៀន​រួចមក​លោក​បាន​ចាត់​កំលាំង​ជំនាញ​ចេញ​ប្រតិបត្តិការ​ជា​បន្ទាន់​ទៅ​ចំនុច​ខាងលើ​ព្រមទាំង​បាន​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ដែល​ជា​ស្ត្រី​ដោយ​ធ្វើ​ការឆែកឆេរ​ទៅលើ​ខ្លួនប្រាណ​ក៏​បាន​ប្រទះឃើញ​​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន 64 គ្រាប់​ដែល​ជន​នេះ​កាន់កាប់​និង​រក្សាទុក​នៅ​ជាប់​នឹង​ខ្លួន ព្រមទាំង​បាន​នាំយកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ស្ត្រី​ដែល​មានឈ្មោះ ថៃ ស្រីមុំ ហៅ​ស្រី​ម៉ៅ អាយុ 30 ឆ្នាំ​ស្នាក់នៅ​​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន បាន​សារភាព​ថា​ថ្នាំញៀន​ទាំង​នេះ​គឺ​នាង​បាន​ទិញ​មក​​ពី​ម៉ូយ​នៅក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ដើម្បី​យក​មក​ចែកចាយ​បន្ត​នៅក្នុង​ស្រុក តែ​ក៏​ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង ដោយឡែក​ចំពោះ​បញ្ហា​ថា​នេះ​ជា​លើក​ទី​ប៉ុន្មាន​នោះ​គឺ​នាង​ពុំបាន​
​សារភាព​នោះ​ទេ​ដោយ​គ្រាន់តែ​ថា​គឺជា​លើក​ទី​មួយ​តែ​ប៉ុណ្ណោះ​. ។​
បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ដែល​មាន​គ្រឿងញៀន​ចំនួន 64 គ្រាប់​នោះ​ទៅកាន់​តុលាការ​និង​ចាត់ការ​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​. ៕​
2014-11-27_082324

មតិយោបល់