ណាសា៖ អង្គការអវកាសអាម៉េរិក (NASA) បានឲ្យដឹងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៤ នេះថា យានរបស់ខ្លួនឈ្មោះថា Orion នឹងត្រូវធ្វើការបាញ់បង្ហោះ នៅថ្ងៃទី០៤ ខែធ្នូ (ម៉ោងនៅអាម៉េរិក) ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ (ម៉ោងនៅនៅអាស៊ី) ដើម្បីសាកល្បង ប្រសិទ្ធភាពរបស់វា នៅក្នុងការបំពេញប្រតិបត្តិការដឹកនាំមនុស្សទៅកាន់ទីអវកាសឆ្ងាយពីភពផែនដី។
ការបាញ់បោះបង្ហោះនេះ គឺជាការសាកល្បងថ្មីមួយដែលមនុស្សមិនធ្លាប់បានទៅ ជាពិសេស វាត្រូវបានចាត់ទុកជាតំណាក់កាលទីមួយ ក្នុងចំណោម តំណាក់កាលទាំងបី ដែលត្រូវអនុវត្តន៍មុននឹងនាំមនុស្សទៅកាន់ភពព្រះអង្គារ។
យាន Orion ខាងលើនេះ ត្រូវបានបញ្ជូនទៅដាក់លើជើងទម្របាញ់ ស្ថិតនៅស្ថានីយ៍កងកម្លាំង ដែនអាកាស ខាណាវ៉ឺរ៉ាល់ នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាម៉េរិក រយៈពេលប៉ុន្មានថ្ងៃមក ហើយ ដើម្បីត្រៀមបាញ់ចេញ ដោយប្រើប្រាស់គ្រាប់រ៉ូក្កែតធុនធ្ងន់ ប្រភេទ Delta-4 នៅថ្ងៃទី ០៤ ខែធ្នូ ជាពេលវេលាមួយ ដែលគ្រប់គ្នាទន្ទឹង រង់ចាំជាយូរណាស់មកហើយ។
គួរបញ្ជាក់ថា យានដែលគ្រោងបាញ់នេះ មិនមានមនុស្សជិះឡើយ ដោយវាគ្រាន់តែជាការ សាកល្បងប៉ុណ្ណោះ។ ដោយឡែកសម្រាប់តំណាក់កាលទីពីរគេ គ្រោងនឹង ដាក់អ្នកវិទ្យាសាស្ត្រ ឲ្យជិះនៅយាននោះប្រមាណពីរនាក់ប៉ុណ្ណោះ ដើម្បីទទួលបាននូវប្រសិទ្ធភាពជាក់ស្តែង៕
ព័ត៌មានជាតិ
មតិយោបល់