កំពង់ស្ពឺ ៖ ក្រុមកម្មករ-ការនីរោចក្រកាត់ដេរ នូ ខប ប្រមាណជាង ៦០០នាក់បានបានដើរដង្ហែរក្បួនទៅកាន់សាលាស្រុកអង្គឈ្នួល បន្ទាប់ពីការធ្វើការតវ៉ាអស់រយៈពេល ៥ថ្ងៃកន្លងនេះ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ១២ចំណុច ដែលថៅកែរោងចក្រមិនទាន់គោរពតាមច្បាប់ការងារ ។
កាលពីព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៤ ក្រុមអ្នកតវ៉ានៅរោងចក្រ នូ ខប បាននាំគ្នាឡើងជិះរថយន្ត ក្នុងគោលបំណងទៅកាន់ រាជធានីភ្នំពេញ ដើម្បីតវ៉ាបន្តនៅក្រសួងការងារ ប៉ុន្តែដំណើររបស់ពួកគាត់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ស្ទាក់ឃាត់រថយន្តតាមផ្លូវជាតិលេខ ៤១ ត្រង់ចំណុចផ្លូវចូលភូមិភ្លើងឆេះរទេះ ឃុំលំហាច ស្រុកអង្គឈ្នួល ខេត្តកណ្តាល ទើមក្រុមកម្មករនាំគ្នាចុះដើរដង្ហែរជាក្បូនបន្តទៅមុខទៀតតែម្តង ។
សមត្ថកិច្ចស្រុកអង្គឈ្នួល បានប្រាប់ឱ្យដឹងថា បន្ទាប់ពីក្រុមកម្មករ-ការនីរោងចក្រ នូ ខប ដែលមានទីតាំងជាប់ផ្លូវជាតិលេខ ៤១ ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គឈ្នួល បាននាំគ្នាផ្ទុះកូដកម្មចំនួន ៥ថ្ងៃកន្លងមកនេះ លទ្ធផលការចរចាមិនត្រូវរូវគ្នា ទើបថ្នាក់ដឹកនាំសហជីពនាំកម្មករទៅតវ៉ានៅ សាលាស្រុកអង្គឈ្នួល និងបន្តទៅក្រសួងការងារប្រសិនគ្មានដំណោះស្រាយ ។ ប្រភពបន្តថា ដោយសារមានបទបញ្ជាពីថ្នាក់លើ ខ្លាចបង្ករឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សារធាណៈក្នុងសង្គមទើបសមត្ថកិច្ចចំរុះឃាត់រថយន្តដឹកកម្មករបានជាច្រើនគ្រឿង មិនអនុញ្ញាតិឱ្យទៅឡើយ ប៉ុន្តែក្រុមកម្មករបាននាំគ្នាចុះដើរបន្តទៅមុខដរដែល ។
ក្រុមកម្មករ-ការនីបាននិយាយថា ថៅថែរោងចក្រនូ ខបនេះ បានគាបសង្កត់ពួកគាត់ជាច្រើនឆ្នាំមកហើយ ដូចជាការកាត់លុយខុសច្បាប់ការងារ ចាក់សោរទ្វារបងបង្ខំឱ្យធ្វើការបន្ថែមម៉ោង មិនអនញ្ញាតិឱ្យមានសហជីពប្រចាំរោងចក្រ និងលក្ខខណ្ឌជាច្រើនទៀតដែលរោងចក្រមិនគោរពតាមច្បាប់ការងារ ។ ពួកគាត់បន្តថា ការតវ៉ាជាច្រើនថ្ងៃមកនេះ ការចរចាមិនទាន់ត្រូវរូវគ្នាទេ ហើយក្រុមកម្មករនៅតែបន្តធ្វើការតវ៉ាលុះត្រាមានដំណោះស្រាយសមរម្យជួនពួកគាត់ ។
មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកណ្តាល បាននិយាយថាករណីកម្មករ-ការនីរោងចក្រនូ ខប ក្នុងឃុំលំហាច ស្រុកអង្គឈ្នួលធ្វើកូកម្មនោះ ខាងមន្ទីរបានបញ្ជូនសំណុំរឿងទៅកាន់ក្រុមប្រឹក្សា អាជ្ញាកណ្តាលអស់ហើយ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។
សូមរំលរឹកថា ក្រុមកម្មករ-ការនី រោងចក្រនូ ខប ចាប់ផ្តើមធ្វើការតវ៉ា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤កន្លងមកនេះ ប៉ុន្តែភាគីរោងចក្រមិនព្រមចេញមកចរចាជាមួយដំណាងកម្មករឬសហជីព ដើម្បីដោះតាមលក្ខខណ្ឌការងារ ដែលក្រុមអ្នកតវ៉ានោះឡើយ ទើបឈានដល់ការបិទផ្លូវជាបន្តបន្ទាប់ លុះរហូតថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះ ពួកគាត់នាំគ្នាដង្ហែរក្បូន និងគ្រោងបិទផ្លូវជាតិលេខ៤ ប៉ុន្តែក្រុមកម្មករបានបង្វែរទិសដៅទៅសាលាស្រុកអង្គឈ្នួល និងបន្តទៅក្រសួងការងារទៀតបើគ្មានដំណោះស្រាយទេនោះ ។
អាជ្ញាធរស្រុកអង្គឈ្នួលបានបញ្ជាក់ថា កម្មកររោងចក្រនូ ខបបានមកដល់សាលាស្រុកអង្គឈ្នួល ហើយពួកគាត់កំពុងនៅមុខសាលាស្រុក មិនអនុញ្ញាតិឱ្យចូលទៅទាំងអស់ទេ យកតែដំណាង៦ទៅ៧នាក់ ដើម្បីចរចាគ្នារកផ្លូវចេញ ដោយសន្តិវិធីត្រង់ចំណុចដែលជជែកគ្នាមិនទាន់ត្រូវនោះ ។ ប្រភពបន្តថា ក្នុងចំណោមលក្ខខណ្ឌទាំង១២ចំណុចបានទាមទានោះត្រូវគ្នាបាន៨ចំណុចហើយសល់តែ៤ចំណុចសុះខាន់ៗ ត្រូវបន្តជជែកគ្នាទៀតជាមួយក្រុមការងារដោះស្រាយទំនាស់ មានការចូលរួមពីលោកអភិបាលរងខេត្តកណ្តាលប៉ុន្តែលទ្ធមិនទាន់ច្បាស់នៅឡើយទេអាស្រ័យលើការចរចា ៕
មតិយោបល់