ភ្នំពេញ៖ កម្មវិធី Cambodia’s Got Talent ដែលបានទិញសិទ្ធផ្តាច់មុខ ពីប្រភពដើមនោះ បានធ្វើឲ្យទស្សនិកជាច្រើន រីករាយនិងតាមដាន ជាមួយនឹងសមត្ថភាពបេក្ខជន មកពីគ្រប់តំបន់ ដែលមានសមត្ថភាពប្លែកៗ ទាំងការច្រៀងរាំ និងសមត្ថភាពជាច្រើនទៀត ដើម្បីដណ្តើមពានរង្វាន់ទឹកប្រាក់ដ៏ច្រើនមហាសាល ។
២ សប្តាហ៍មកនេះ ប្រិយមិត្តនៅតាមគេហដ្ឋាន និងក្នុងស្ទីតយ៉ូ ទទួលបាននូវភាពរីករាយ និងភ្ញាក់ផ្អើល ដោយម្នាក់ៗបើកមាត់ចំហរ តាមដានសមត្ថភាពរបស់បេក្ខជនដែលបង្ហាញទេពកោសល្យប្លែកៗ របស់ពួកគេ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្វីដែលធ្វើឲ្យទស្សនិកចាប់អារម្មណ៍ផងដែរនោះ គឺ គណៈកម្មាធិការទាំង ៣ រូប មានលោក ព្រាប សុវត្ថិ នាយកុយ និងអ្នកនាង ខាត់ សុឃឹម ដោយត្រូវបានគេសរសើរថា ពិតជាសាកសម អ្នកវិនិច្ច័យលទ្ធផលជូន បេក្ខជនដែលបញ្ចេញសមត្ថភាពលើឆាក ។
ទស្សនិកម្នាក់ដែលចូលរួមក្នុងកម្មវិធី Cambodia’s Gotalent បានប្រាប់ឲ្យអ្នកសារព័ត៌មានយើងដឹងថា “ខ្ញុំពិតជាពេញចិត្តកម្មវិធីនេះខ្លាំងណស់ ដែលឲ្យអ្នកមានសតម្ថភាពទាំងក្មេង ទាំងចាស់អាចបញ្ចេញអ្វីដែលគេមាន ជាពិសេសគណៈកម្មាធិការទាំង ៣ រូបតែម្តង ដែលតែងតែធ្វើឲ្យកម្មវីធី ទាំងមូលកងរំពង ដោយក្លែមជាមួយនឹងពាក្យសម្តី មិនចេះរីងស្ងួត” ។
ប្រភពខាងលើបានបន្ថែមទៀតថា ” ជាធម្មតា នាយកុយ ជាអ្នកកំប្លែង អ្នកនាង ខាត់ សុឃឹម ជាតារាចម្រៀងផង និងមានសមត្ថភាពកំប្លែងដូចគ្នា តែអ្វីដែលធ្វើឲ្យយើងចាប់អារម្មណ៍ ជាពិសេសគឺ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជាលើកដំបូងរបស់លោក មកអង្គុយធ្វើគណៈកម្មាធិការវិនិច្ច័យលទ្ធផល ហើយថែមទាំងមាន សមត្ថភាព ក្លែមពាក្យសម្តីបែបកំប្លែង ម្តងម្តាល មិនចាញ់នាយ កុយ និងខាត់ សុឃឹម ប៉ុន្មាននោះទេ” ។ នៅពេលដែលយើងឃើញ លោក ព្រាប សុវត្ថិ បញ្ចេញសមត្ថភាព នៅក្នុងកម្មវិធីនេះ មិនអាចរងចាំសរសើរមិនបាននោះទេ ព្រោះថាប្លែក ពីអ្វីដែលលោក តែងតែបញ្ចេញសមត្ថភាពច្រៀង និងកាយវិការកម្សត់ ក្នុងបទចម្រៀង កន្លងមក និងឆ្លុះបញ្ជាំងថា ពិតជាសាកសមជាអ្នកសិល្បៈករ ក៏ដូចជាគណៈកម្មាធិការ កម្មវិធី Cambodia’s Got Talent មែន ដោយបូករួមទាំង នាយកុយ និងអ្នកនាង ខាត់ សុឃឹម ផងដែរ។
បញ្ជាក់ផងដែរថា Cambodia’s Got Talent ជាកម្មវិធីធំៗទី ២ ហើយដែល ទូរទស្សន៍ហង្សមាស ទិញសិទ្ធផ្តាច់មុខ មកធ្វើនៅស្រុកខ្មែរ បន្ទាប់ពីកម្មវិធី The Voice Cambodia រដូវកាលទី ១ បញ្ចប់ដោយជោគជ័យនៅពេលថ្មីៗនេះ ៕
មតិយោបល់