ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន គ្រោង​ផ្តល់​ជំនួយឥតសំណង ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជួសជុល​ស្ពាន​ជ្រោយចង្វា​ទ្បើង​វិញ​

​ ​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន គ្រោង​និង​ផ្តល់​ជំនួយ​ឥត​សំណង​មួយ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជួសជុល​ស្ពាន​ជ្រោយចង្វា ចុងឆ្នាំ​២០១៥​ខាងមុខនេះ ព្រោះ​ស្ពាន​នេះ គឺជា​សមិទ្ធផល​មួយ ប្រកប​ដោយ​អនុស្សាវរីយ៍ និង​ជា​ចំណង​ក្នុង​ការទំនាក់ទំនង​ការទូត និង​សហប្រតិបត្តិការ​យ៉ាង​ល្អ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ជប៉ុន ចាប់តាំងពី​ទសវត្ស​ឆ្នាំ​៦០​មកម្ល៉េះ​។​
​ ​សព​ថ្ងៃនេះ ស្ពាន​ជ្រោយចង្វា កំពុងតែ​ឈានទៅរក​ភាព​ចាស់ ទ្រុឌទ្រោម​យ៉ាងខ្លាំង ។ ហើយ​កន្លង ទៅ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាស​ហាម មិនឲ្យ​រថយន្ត​ធុន​ធំ ដែល​មាន​ផ្ទុក​ទំនិញ​ច្រើន ឆ្លងកាត់​ស្ពាន​នេះ​ទេ ។
​ ​លោក ឈឹម ផល្លា មន្ត្រី​ជំនាញ​ស្ពាន​ថ្នល់ ស្ថិត​ក្នុង​គំរោង​ជំនួយ​ប្រទេស​ជប៉ុន នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់ឲ្យដឹង​ថា រដ្ឋាភិបាល​ជប៉ុន គ្រោង​ផ្តល់​ជំនួយឥតសំណង ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការជួសជុល ស្ពាន​ជ្រោយចង្វា នៅ​ចុងឆ្នាំ​២០១៥​ខាងមុខនេះ ។ ក៏​ប៉ុន្តែ​មុន​នឹង​ផ្តើម​ជួសជុល​ឡើងវិញ ជប៉ុន​ត្រូវ​ជ្រើសរើស រក​ក្រុមហ៊ុន​បច្ចេកទេស​មួយ មក​សិក្សា​ឲ្យបាន​លំអិត និង​វាយតម្លៃ​ការខូចខាត ការចំណាយ លើ​ការជួសជុល​ទាំងអស់នេះ ។ ហើយ​រដ្ឋាភិបាល និង​ធ្វើ​ការដេញថ្លៃ រក​ក្រុមហ៊ុន​មួយ សាងសង់​។​
​ ​លោក​បាន​បញ្ជាក់ថា ស្ពាន​ជ្រោយចង្វា​នេះ មាន​អាយុកាល ជាង​៥០​ហើយ ។ ថ្វី​ត្បិត​តែ​ស្ពាន​នេះ ដាច់​ម្តង​ចំ​ពាក់កណ្តាល​តួ​ស្ពាន ក្នុង​សម័យ​សង្គ្រាម​ក៏​ដោយ ក៏​ត្រូវ​ធ្វើ​ការកែលំអ និង​ជួសជុល​ឡើងវិញ​ដែរ ។ ក្នុង​ឆ្នាំ​១៩៩២ រដ្ឋាភិបាល​ជប៉ុន បាន​សំរេចចិត្ត ត​ស្ពាន​នេះ ឲ្យ​ដំណើរ​ឡើង​វិញ រហូតមកដល់​សព្វថ្ងៃ​នេះ​។ ស្ពាន​នេះ​មាន​បណ្តោយ ប្រវែង​ជាង​៧០០​ម៉ែត្រ ទទឹង​ស្ពាន មាន​ប្រវែង​១៣​ម៉ែត្រ ជា​ស្ពាន​យុទ្ធសាស្ត្រ ឆ្លងកាត់​ទន្លេសាប បំរើ​ចរន្ត​សេដ្ឋកិច្ច​ឆ្លងកាត់ ដឹកជញ្ជូន​ពី​ក្រុងភ្នំពេញ ទៅ​បណ្តា​ខេត្ត នៅ​ភូមិភាគ​ឦសាន្ត និង​ភាគ​ឧត្តរ នៃ​ប្រទេស​កម្ពុជា ។ ស្ពាន​ជ្រោយចង្វា គឺជា​ស្ពាន​ដែល​បាន​កើតឡើង​មុនគេ ក្នុងប្រទេស​កម្ពុជា ក្នុងចំណោម​ស្ពាន​ធំៗ វែងៗ ដែល​កំពុង​កើតឡើង​ក្នុងពេល​បច្ចុប្បន្ន​នេះ ។​
​ ​ទោះជា​យ៉ាងណា​ក៏ដោយ ការចំណាយ​ថវិកា លើ​ការជួសជុល​ស្ពាន​ជ្រោយចង្វា​នេះ នៅ​មិនទាន់​វាយតម្លៃ និង​សន្និដ្ឋាន​ច្បាស់លាស់​នៅឡើយ​ទេ ៕
2014-12-02_115817
2014-12-02_115825

មតិយោបល់