ព័ត៌មានជាតិ

គ្រួសារ​ក្រីក្រ​មាន​កូន​តូច​លង់ទឹក​ស្លាប់​ពេល​ទៅ​រាវ​ខ្យង​ជាមួយ​ម្តាយ បាន​ទទួល​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា​

​កំពង់ឆ្នាំង​៖​ឯកឧត្តម អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពង់ឆ្នាំង តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថៃ្ង​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ រួម​ដំណើរ​ដោយ​លោក​ជំទាវ ប៉ាល់ យឿន លោក​ម៉ម ឈឿម​, លោក​កែវ ពៅ សមាជិក​សមាជិកា​សាខា​កាកបាទក្រហម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​ថវិកា​គ្រឿងឧបភោគ​បរិភោគ​របស់​កាកបាទក្រហម​កម្ពុជា​ទៅ​ផ្តល់ជូន​គ្រួសារ​កុមារា​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​ជិះទូក​ទៅតាម​ម្តាយ​រើស​ខ្យង​យកមក​លក់​ចិញ្ចឹមជីវិត​បាន​ធ្លាក់​ទឹក​ព្រែក​លង់​ស្លាប់ ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ទាបភ្លឺ​ព្រឹក​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ក្នុង​ព្រែក​តា​ពាំង​ក្នុងភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​លោកស្រី ភុ​ន ឈុន​អេង ចៅសង្កាត់​ផ្សារឆ្នាំង​បានអោយដឹងថា​៖​កុមារា​ឈ្មោះ សាំង សំណាង អាយុ​២​ឆ្នាំ​
​ដែល​បាន​លង់ទឹក​ស្លាប់មាន​ម្តាយ​ឈ្មោះ ហ៊ាន លី​ណា អាយុ​៣២​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ក្រីក្រ​មុខរបរ​ដើរ​រើស​ខ្យង​លក់​ចិញ្ចឹមជីវិត ឪពុក​គេ​ឈ្មោះ សំ រិន អាយុ​៣២​ឆ្នាំ មាន​មុខរបរ​ជា​កម្ម​ក​រ និង​នេសាទ​ត្រី ប្តី​ប្រពន្ធ​នេះ​ជា​ជនក្រីក្រ ពុំ​មាន​ផ្ទះ​ទេ សព្វថ្ងៃ​នេះ​ពួកគាត់​បាន​សុំ​ផ្ទះ​គេ​ស្នាក់នៅ មានកូន​៣​នាក់​កូន​បង​អាយុ​៨​ឆ្នាំ កូន​ទី​២​អាយុ​៥​ឆ្នាំ កូន​ទី​៣​ជា​ជនរងគ្រោះ​អាយុ​៣​ឆ្នាំ​។​
​ ​លោក ប្រាក់ សោភ័ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា​ដែល​យក​មក​ប្រគល់ជូន​គ្រួសារ​កុមារា​លង់ទឹក​ស្លាប់​រួមមាន ថវិកា​១​លាន​រៀល អង្ករ​១០០​គីឡូក្រាម ទឹកក្រូច​១​កេះ ត្រីខ​១០​កំប៉ុង និង ឃី​ត​កញ្ចប់​(​មាន​មុង​១​ភួយ ១​ក្រ​ម៉ា ១​សា​រ៉ុង​១)​។​លោក​បាន​បន្ត​ថា​មាន​អំណោយ​របស់​អនុសាខា​កាកបាទ​ក្រហម​ក្រុង​កំពង់ឆ្នាំង​មាន ថវិកា​១០​ម៉ឺន​រៀល និង​អង្ករ​៥០​គីឡូក្រាម​ផង​ដែរ​។​
​ ​ឯកឧត្តម អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ចូលរួម​មរណៈទុក្ខ រំលែក​ទុក្ខ និង​ចូលរួម​ការសោកស្តាយ ពី​សំណាក់​សម្តេច​គតិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជាមួយ​គ្រួសារ​សព​កុមារា សាំង​សំណាង ជា​គ្រួសារ​ក្រីក្រ ដែល​ពេល​ទៅ​រើស​ខ្យង​ចិញ្ចឹម​ជីវិត​ត្រូវ​កូន​ធ្លាក់​លង់ទឹក​ស្លាប់​។​
​ ​ឯកឧត្តម អ៊ុន សំអុល បាន​មាន​ប្រសា​ន៍​បន្តថា​៖​ការ​ចែក​អំណោយ​របស់​កាកបាទក្រហមកម្ពុជា​គឺជា​សកម្ម​
​ភាព​មនុស្សធម៌​ពិតៗ​គឺ​ចែកជូន​ដល់​ប្រជាជន​ទីទាល់ក្រ ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ជនរងគ្រោះ​ផ្សេងៗ​ទៀត​ដោយ​មិន​ប្រកាន់​ពូជសាសន៍​និង​និន្នាការ​នយោបាយ​ឡើយ​។ អំណោយ​នេះ​ទោះ​វា​មិន​គ្រប់​តាម​តំរូវការ​ក៏ពិតមែន​តែ​វា​អាច​ជួយ​សំរាល​នៅ​ការលំបាក​បាន​មួយគ្រា​ផងដែរ​។​
​ ​ឯកឧត្តម អ៊ុន សំអុល ក៏​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញា​ដែនដី និង​ម្តាយ​ឪពុក​កុមារា​សាំង​សំណាង ត្រូវ​តស៊ូ​ថែទាំ​សុខភាព​អោយបាន​ល្អ និង​ខិតខំ​រកស៊ី​ចិញ្ចឹម​គ្រួសារ និង​ត្រូវ​ចិញ្ចឹម​កូន​២​នាក់​ទៀត​អោយបាន​ចូល​រៀនសូត្រ​យក​ចំណេះដឹង​ដែល​នេះ​គឺជា​កាត្វកិច្ច​របស់​ឪពុក​ម្តាយ ដើម្បី​អនាគត​ផ្ទាល់​ខ្លួន​ពួក​គេ​ចាក​ផុត​ពី​ភាពក្រីក្រ មានតំ​រេះវិជ្ជា​ចិញ្ចឹម​ខ្លួន​ទៅ​អនាគត​។​
​ ​អាជ្ញាធរ​ដែនដី​និង​ម្តាយ​ឪពុក​សព​កុមារា​សាំង​សំណាង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់ សម្តេច​កិតិ្ត​ព្រឹទ្ធ ប៊ុនរ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​សូម​អោយ​សម្តេច​មាន​សុខភាព​ល្អ ឈ្នះ​អស់​មាស​ត្រូវ​គ្រប់​ទិស​ទី​និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ដើម្បី​ដឹកនាំ​កាកបាទក្រហមកម្ពុជា​ជួយ​ជនរងគ្រោះ​បន្តទៀត​៕

​ ​
2014-12-11_215151

មតិយោបល់