បន្ទាយមានជ័យៈ ពលករខ្មែរចំនួន១៣៧នាក់ ស្រី ៦៣នាក់ បំរុងឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថ្ងៃ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយអនុសេនីយ៍ឯក អោក សំណុក នាយរងការិយាល័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំអូរបីជាន់ និងកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកលេខ៩១១ បានធ្វើការទប់ស្កាត់ នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
បើតាមការរៀបរាប់ពីពលករទាំងនោះបាននិយាយថា ពួកគាត់ទៅរកការងារធ្វើនៅប្រទេសថៃនេះ គឺទៅដោយចិត្តខ្លួនឯង មិនមានមេខ្យល់នោះទេ ហើយការទៅនេះក៏ដោយសារតែពួកគាត់រួចពីធ្វើស្រែចម្ការ ហើយគ្មានការងារធ្វើក៏នាំគ្នាទៅធ្វើចំណាកស្រុកឆ្លងដែនទៅប្រទេសថៃ គឺដើម្បីទៅធ្វើកម្មករដាំដំឡូងមី ដាំពោតនិងអំពៅ នៅខេត្តស្រះកែន និងខេត្តត្រាតចំពោះការទៅនេះគឺគាត់ ឆ្លងដែនតាមច្រកអូរបីជាន់ ច្រកក្តឹបថ្មនិងច្រកចំការគ ដោយបង់ឲ្យយោធាប្រចាំការនៅតាមនីមួយៗនោះ ពី៥ពាន់ទៅ១ម៉ឺនរៀល ទើបអនុញាតិឲ្យពួកគាត់ទៅ។
លោកវរសេនីយ៍ត្រីឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរនិងការពារអនី តិជន បានបញ្ជាក់ផងដែរថា ពលករទាំង១៣៧នាក់ មានស្រី៦៣នាក់ ក្នុងនោះគឺពួកគាត់មកពីខេត្តបន្ទាយមានជ័យ ចំនួន៦២នាក់ ស្រី២៩នាក់ ,ខេត្តកំពង់ធំចំនួន២៩នាក់ស្រី១៣នាក់និងខេត្តសៀមរាបចំនួនស្រី៤៦នាក់ ស្រី២១នាក់។
ពលករទាំងនេះត្រូវបានធ្វើការអប់រំណែនាំពីបញ្ហាប្រឈមនានាចំពោះការធ្វើចំណាកស្រុកខុសច្បាប់ និងធ្វើកិច្ចសន្យាឲ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីទៅធ្វើឯកសារត្រឹមត្រូវតាមច្បាប់៕
មតិយោបល់