ព័ត៌មានជាតិ

អភិបាល​ក្រុង​ដឹកនាំ​សមត្ថកិច្ច​ចំរុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារ​ក្រោម​និង​ផ្សារឆ្នាំង​

​កំពង់ឆ្នាំង​៖​ ​ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ជាច្រើនលើក​ជាមួយ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្រោម​ស្តី​ពី​ការលក់ដូរ​ឥត​សណ្តាប់ធ្នាប់ គឺ​អាជីវករ​មិន​គោរព​កិច្ចសន្យា​ឡើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ ២០១៤​នេះ លោក​អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ដឹកនាំ​សមត្ថកិច្ច​ចំរុះ​រៀបចំ​សណ្តា​ប់ និង​ណែនាំ​អប់រំ​ជា​លើក​ចុងក្រោយ​។​
​ ​លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ថ្លែងអោយដឹងថា​៖​ក្រោយពី​មាន​ការឯកភាព​ពី​គណៈកម្មាការ​រៀបចំ​សណ្តាប់ធ្នាប់ និង​សោភ័ណ្ឌភាព​ខេត្ត​កំពង់ឆ្នាំង លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ​ប្រមាណ​ជាង​៣០​នាក់ រួមមាន​៖​នគរបាល​ក្រុង​.​ខេត្ត កងរាជអាវុធហត្ថ​ក្រុង រុះរើ​ឥ​វ៉ាន់​មួយចំនួន និង​សំ​យ៉ាប ឆ័ត្រ ដែល​អាជីវករ​ដាក់​លក់ដូរ​លាន​លយ​មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ និង​នៅលើ​សួនច្បារ ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សោភ័ណ្ឌភាព​ក្នុងក្រុង​កំពង់ឆ្នាំង​។​
​ ​ចំណុច​ដែល​សមត្ថកិច្ច​ចំរុះ​រុះរើ​និង​អប់រំ​ណែនាំ​នោះ​រួមមាន​៖​ទីតាំង​លក់ដូរ​ពីងពង់ ស្លឹក បង្គោល​, ចំណុច​អ្នកលក់ដូរ​នៅ​លើ​សួនច្បា​ត្រី​កាហោ​ផ្សារ​ក្រោម​, ចំណុច​កំពង់ផែ​ទេសចរណ៍​ដើម​ពោធិ៍ ,​ចំណុច​សួនច្បារ​នាង​សុវណ្ណ​មច្ឆា ,​ចំណុច​ផ្ទះល្វែង​ជួរ​មាត់ទន្លេ​ផ្សារ​ក្រោម និង​ចំណុច​ពី​ផ្ទះល្វែង​រោងល្ខោន រហូតមក​ដល់​វត្ត​យាយ​ទេព​។​
​ ​លោក ហៃ មនោ​រម្យ បាន​បញ្ជាក់​អោយដឹងថា​៖​កន្លងមក​អាជ្ញាធរ និង​សមត្ថកិច្ច​បាន ធ្វើការ​ណែរ​នាំ អប់រំ ធ្វើ​កិច្ចសន្យា​ជា​ច្រើនលើក​ច្រើនសា​ទាំង​នៅ​ផ្សារ​លើ និង​ផ្សារ​ក្រោម ក៍​ប៉ុន្តែ​អាជីវករ​ភាគច្រើន​មិន​បាន​គោរព​ការ​ណែរ​នាំ និង​កិច្ចសន្យា​របស់​ខ្លួន​ឡើយ​។​តាម​គោលការណ៍​របស់​គណៈកម្មាកា​រ​រៀបចំ​សណ្តាប់ និង​សោភ័ណ្ឌភាព​ខេត្ត​កំពង់ឆ្នាំង​បាន​កំណត់​ថា​៖ ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​ធ្នូ​តទៅ ប្រសិន​បើ​អាជីវករ​នៅតែ​មិន​គោរព​តាម​ផែនការ ណែនាំ​នេះ​ទេ អាជ្ញាធរ​និង​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង នឹង​ចាត់​វិធានការ​រដ្ឋបាល​រឹបអូស​ឥ​វ៉ាន់​ដែល​ដាក់លក់​លាន​លយ និង​ធ្វើ​ការផាកពិន័យ​ទៅតាម​បញ្ញតិ​ច្បាប់​។​
​ ​ដោយឡែក​នៅ​ចំណុច​មាត់ទន្លេ​ដើម​ពោធិ និង​សួន​នាង​ត្រី​គល់រាំង​មិន​អនុញាតិ​អោយ​មាន​ការដាក់​ឥ​វ៉ាន់​លក់ដូរ​ទៀត​ទេ​។​ចំណែក​នៅ​សួនច្បារ​នាង​សុវណ្ណ​មច្ឆា​វិញ គឺ​អនុញាតិ​អោយ​លក់​តែ​បង្អែម​នំចំណី​សំរាប់​ភ្ញៀវ​ទេសចរណ៍​ប៉ុណ្ណោះ គឺ​ចាប់ពី​ម៉ោង​៣​រសៀល​រហូត​ដល់​យប់ និង​រើ​គ្រែ​លក់ដូរ​ទាំងនោះ​ចេញ​អោយអស់ មិន​អនុញាតិ​អោយ​ទុក​គ្រែ​លក់ដូរ​នៅ​ពេល​ថ្ងៃ​ឡើយ​។​
​ ​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​រិះគន់ថា ការរៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​នៅ តាម​ទីតាំង​ទាំងអស់​ខាងលើ​នេះ ជា​រៀងរាល់ឆ្នាំ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង​តែងតែ​ធ្វើ​កិច្ច ការងារ​នេះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ហាក់ដូចជា​មិន​មាន​ប្រសិទ្ធភាព​ឡើយ​។​ប្រជាពលរដ្ឋ​សង្ឃឹមថា ចាប់ពី​ថ្ងៃ​ទី​១៥​តទៅ អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​នឹង​ចាត់វិធានការណ៍​ម៉ឺងម៉ាត់​ជាក់​ជាមិនខាន​៕
​ ​
2014-12-11_211759

មតិយោបល់