ភ្នំពេញៈ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក អ៊ី ថាវរៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទម្នាក់ឈ្មោះ ពៅ ចិន្ថា ភេទស្រី អាយុ ៣៨ឆ្នាំ ដាក់ពន្ធនាគារកំណត់៧ឆ្នាំ និងតម្រូវឲ្យសងជំងឺចិត្តទៅជនរងគ្រោះចំនួន២៥លានរៀល ក្រោមការចោទប្រកាន់ពីបទ ការនាំចេញ ដោយមិនស្របច្បាប់ ដោយមានគោលដៅ ប្រព្រឹត្តកាលពីកំឡុងខែតុលា ឆ្នាំ២០១៤ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសមាត្រា១០នៃច្បាប់ស្តីពី ការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ជនជាប់ចោទឈ្មោះ ពៅ ចិន្ថា បានច្រានចោលគ្រប់ចម្លើយរបស់ខ្លួនកន្លងមក និងបានបដិសេធថាខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។
លោកស្រីវ៉ែន សុខ ជាម្តាយជនរងគ្រោះថ្លែងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនជាប់ចោទបានជួបលោកស្រីនៅខេត្តកំពង់ចាមនៅពេលជនជាប់ចោទទៅបុណ្យសពយាយ រួចបានជួបគ្នានិយាយរឿងជួយកូនស្រីខ្លួននៅធ្វើការនៅប្រទេសចិន។ ដើមបណ្តឹងរដ្ឋបវេណីដដែលបានបន្តថា ជនជាប់ចោទបានសន្យាថានឹងឲ្យកូនស្រីឈ្មោះ ជា គន្ធា ដែលមានប្តីនៅស្រុកចិន ជួយរកការងារឲ្យជនរងគ្រោះធ្វើនៅស្រុកចិនបានប្រាក់ខែប្រមាណពី ២០០០ទៅ៣០០០យ័នក្នុងមួយខែ។ ក្រោយការព្រមព្រៀមគ្នារួចរាល់ជនជាប់ចោទបានរត់ការធ្វើឯកសារឆ្លងដែន និងឯកសារផ្សេងៗរហូតជនរងគ្រោះបានចេញទៅប្រទេសចិននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥។ នៅពេលទៅដល់ស្រុកចិនឈ្មោះ ជា គន្ធា បានយកជនរងគ្រោះទៅលក់ឲ្យជនជាតិម្នាក់ធ្វើប្រពន្ធបាន៦ខែ ក៏យកមកជនរងគ្រោះទៅរំលូតកូន និងលក់ឲ្យជនជាតិចិនដទៃទៀត ប៉ុន្តែក្រោយមកជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយរហូតបានត្រលប់មកស្រុកខ្មែរវិញ។
លោកស្រីបន្តថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ លោកស្រីបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ទើបសមត្ថកិច្ចឃាត់ខ្លួនជនជាប់ចោទបាន។ ក្នុងនោះដែរ ម្តាយជនរងគ្រោះបានប្តឹងទាមទារជំងឺចិត្តចំនួន ១ម៉ឺនដុល្លារពីជនជាប់ចោទ៕
មតិយោបល់