សេអ៊ូលៈ កាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅនេះ ក្រុមហ៊ុន Samsung បានដាក់លក់ស្មាតហ្វូន Galaxy Note 7 ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ប៉ុន្តែនៅពេលនេះ Samsung បានឈប់លក់ស្មាតហ្វូនមួយនេះទៅវិញ។
សារព័ត៌មាន GSM Arena បានចេញផ្សាយថា ក្រុមហ៊ុន Samsung បានបញ្ឈប់ការផ្គត់ផ្គង់ Galaxy Note 7 ទៅឲ្យក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទធំចំនួន ៣នៅក្នុងប្រទេសកូរ៉េខាងត្បូង មានដូចជា SK Telecom, KT និង LG Uplus។
ថ្មីៗនេះផងដែរថា សារព័ត៌មានក្នុងស្រុកបានចេញផ្សាយថា មានករណីផ្ទុះឆេះស្មាតហ្វូន Galaxy Note 7 ខណៈពេលកំពុងសាកថ្ម ដោយក្នុងនោះមានអ្នកប្រើប្រាស់ប្រមាណ ៥នាក់ បានរាយការណ៍ទៅកាន់ក្រុមហ៊ុននាចុងសប្ដាហ៍នេះ។
សារព័ត៌មាន Reuters និងក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទធំរបស់កូរ៉េខាងត្បូង បានបញ្ជាក់ថា Samsung ពិតជាបានផ្អាកការផ្គត់ផ្គង់ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុឡើយ៕
មតិយោបល់