ព័ត៌មានជាតិ

ដើម​រាំង​ទឹក​មាន​សារៈប្រយោជន៍​សំខាន់ និង​ប្រឈម​នឹង​ការ​លបលួច​គាស់​យក​ទៅ​លក់​ចេញ​ក្រៅប្រទេស

​សៀមរាបៈ ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅ​ក្នុង​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង​គឺ​ជា​មុន​ស្នេហ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ជាច្រើន​មក​កំសាន្ត​ពី​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត នៃ​បឹង​ទន្លេសាប ក្នុងនោះ​ផ្ទៃ​ទឹក​ទន្លេសាប រួម​ទាំង​ដើម​រាំង​ទឹក​រាប់ម៉ឺន​រាប់សែន​ដើម ដែល​ដុះ​ត្រៀបត្រា​ជា​ជួរ​ក្នុង​ផ្ទៃ​ទឹក បាន​បង្ហាញឲ្យឃើញពណ៌​ចម្រុះ​បញ្ជេញ នូវ​រស្មី​ចាំង​ភ្លេតៗ ពី​ស្លឹក​រាំង ដែល​មាន​ខ្លះ​ស្លឹក​ខ្ចី ខ្លះ​ស្លឹក​ចាស់ ។​
​មិនតែប៉ុណ្ណោះ​ទិដ្ឋភាព​បឹង​ទន្លេសាប ដែល​ប្រកបដោយ​ដើម​រុក្ខជាតិ​ជាច្រើន​ដែល​បាន​ដុះ​នៅក្នុង​ទឹក ហើយ​កំពុងតែ​ធ្វើឲ្យ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ មាន​ចំណាប់អារម្មណ៍​ចង់​ឃើញ​ចង់​ស្គាល់ ពី​គុណប្រយោជន៍​របស់ ដើម​រាំង​ទឹក ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​យកមក ប្រកប​ជាមួយ​ម្ហូបអាហារ ពិសារ​ជា​មួយ​នំ​បញ្ចុក ទឹក​គ្រឿង នំ​បាញ់ឆែវ ដែល​មាន​រស់ជាតិ​ឆ្ងាញ់ ដែល​ត្រូវបាន​គេ​ដឹងថា ជា​ឳ​សថ​បុរាណ​ជួយ​ដល់​អ្នក​កើតរោគ ក្រពះ និង​អ្នកមាន​ជំងឺ​រាក់រូស​ទៀតផង​។​
​លោក ចាន់ ធី ជា​អ្នកនេសាទ​ស្ថិតនៅក្នុង​ភូមិ​ចុង​ឃ្នាស សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប បានឲ្យដឹង​ថា​ដើមរាំង​ទឹក​មាន​មុខងារ​សំខាន់​ណាស់ ក្នុង​ការជួយ​ជា​ជម្រក​របស់​មឆ្ឆា​ជាតិ ក្នុង​ការ​បន្ត​ពូជ​ពង កូន ហើយ​កម្រ​នឹង​ឃើញ​មាន​ដុះ​នៅ​ផ្នែក​ខាងលើ​នៃ​វាល​ភ្នំ តែ​បច្ចុប្បន្ន​ដើម​រាំង​ត្រូវបាន​គំរាមកំហែង​ប្រឈមមុខ​និង​ហិច​ហោច ដោយសារ​តែ​នៅ​រដូវប្រាំង​មាន​អ្នកនេសាទ ដុត​ព្រៃ​លិច​ទឹក​ចាប់​សត្វ​អណ្តើក សត្វ​ពស់​និង​ការកាប់​ព្រៃ​ទំលាក់​ទុក​ឲ្យ​ងាប់ រួច​យកមក​ធ្វើ​ជា​អុស មិនតែប៉ុណ្ណោះ​ដើម​រាំង​ទឹក​បច្ចុប្បន្ន​កំពុងតែ​ប្រឈម និង​ការ​គាស់​យក​ទាំង​ឬ​ស ដឹក​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ដោយសារ​មានការ​លបលួច និង​ឃុបឃិត​គ្នា ពី​សំណាក់​អ្នកមានអំណាច​។​
​ប្រជាពលរដ្ឋ​បាន​សំណូមពរ ឲ្យ​ឯកឧត្តម ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល មេត្តា​ជួយ​ទប់ស្កាត់​នូវ​ទង្វើ​ដូច ខាង​ក្រោម​ដើម្បី​ថែរក្សា ព្រៃ​លិច​ទឹក​សម្រាប់​ការបន្ត​ពូជ​របស់​មឆ្ឆា​ជាតិ ក៏​ដូចជា​ការថែរក្សា​អភិរក្ស​ដើម​រាំង ទឹក សម្រាប់​លំអរ​សោភ័ណភាព​នៃ​បឹង​ទន្លេសាប ក្នុង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​កាន់តែច្រើន​៕
2015-01-05_142706

មតិយោបល់