ខេត្តកំពង់ធំ៖ វាសនាព្រៃឡង់ក្នុងខេត្តកំពង់ធំ និងជិតដូចព្រៃស្អាកក្នុងខេត្តឧត្តរមានជ័យ ពីមុនព្រៃស្អាកប្រកប ដោយព្រៃដែលមានរុក្ខជាតិធំៗដើមឈើដុះជុំជិត តែបច្ចុប្បន្នបានក្លាយទៅជាវាលរហោដ្ឋាន ចំណែកព្រៃឡង់ ទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទាំងប្រជាពលរដ្ឋចំណាក់ស្រុក និងមន្ត្រីរាជការ កងកម្លាំងកំពុងតែសំរុក ជួលឲ្យមានការកាប់រុករានដុតបំផ្លាញ ក្នុងពេលយប់ និងពេលថ្ងៃដើម្បីវាត់ទីយកដីធ្វើជាកម្មសិទ្ធ។
ជារៀងរាល់ថ្ងៃសកម្មភាពការដុតរុករានព្រៃឡង់កំពុងតែធ្វើសកម្មភាពដោយពុំមានការខ្លាចញញើតពីសំណាក់ច្បាប់នោះទេ បានបង្ករឲ្យមានការឆេះសន្ធរសន្ធៅពេញព្រៃ តែគេពុំដែលឃើញមានសមត្ថកិច្ចមេព្រៃ ចាត់វិធានការទប់ស្កាត់ឬបង្ក្រាបនោះទេ តែគេសង្កេតឃើញនៅតាមដងផ្លូវមានសរសេរដាក់ហាមកាបព្រៃជាព្រៃរបស់រដ្ឋ តែនៅខាងក្នុងចំងាយពីផ្លូវគ្រួសក្រហម ២០ម គឺសុទ្ធតែការកាប់ផ្តួលរំលំដើម្បីដុតយកដីធ្វើ ជាកម្មសិទ្ធដោយខុសច្បាប់។
ក្នុងនោះក៏មានការដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីព្រៃដើម្បីយកទៅលក់នៅទីផ្សារ យ៉ាងគគ្រឹកគគ្រេង ខ្លះផ្តល់រំលំទាំងដើមយកចូលរោងសិប្បកម្មខុសច្បាប់ ដើម្បីធ្វើកៅអីតុ ខ្លះទៀតដឹកតាមគោយន្ត ទៅលក់នៅដេប៉ូ សកម្មភាពទាំងនេះ លោក មេព្រៃនៅតែល្មម ទោះព្រៃឡង់ត្រូវបានគេដុត ឆេះផ្សែងពេញ ព្រៃលោកនៅតែល្មម ទង្វើបែបនេះជាហេតុធ្វើឲ្យមានការក្តៅក្រហាយ ដល់អ្នកស្រឡាញ់ព្រៃឈើនិងចោទសួរថា លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ និងលោក មន្នីនាទ នាយសង្កាត់សណ្តាន់ កំពុងតែធ្វើអ្វី ?
ពាក់ព័ន្ឋទៅនឹងបញ្ហាចោទប្រកាន់ សង្ស័យថាលោកមន្នីនាទ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ឡាក់ឡើយ មិនបានអនុវត្តតួនាទីឲ្យបានពេញលេញនេះពុំអាចសុំការបំភ្លឺបានតាមទូរស័ព្ទបានទេ ចំណែកលោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើ សណ្តាន់ ខលចូលហើយ តែមិនខ្ចីលើកទូរស័ព្ទ ជាហេតុបណ្តាលឲ្យ អាក់ខានក្នុងការសុំការបំភ្លឺជំវិញដីព្រៃ ដែលពោពេញទៅដោយការដុតបំផ្លាញ៕
មតិយោបល់