ព័ត៌មានជាតិ

ក្រសួង​ព័ត៌មាន ព្រមានសារជាថ្មី​ដល់​ស្ថានីយទូរទស្សន៍​ អំពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​

​ភ្នំពេញ៖ ក្រសួង​ព័ត៌មាន បានចេញ​លិខិត ក្រើនរំលឹក​ដល់​ស្ថានីយទូរទស្សន៍​ទាំងអស់​ជាថ្មី​ម្តងទៀត អំពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។ នោះ​គឺ​កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ក្រសួង​ព័ត៌មាន បានចេញ​នូវ​សារាចរ ស្តីពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដោយ​ហាមឃាត់​មិន​ឲ្យ​ផ្សាយ នៅ​ចន្លោះ​ពី​ម៉ោង ៦ ដល់​ម៉ោង ៨ ល្ងាច នោះទេ​។ ​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ​លោក ហ៊ុយ សា​រ៉ាវុធ បង្ហាញថា រហូតដល់​ពេលនេះ នៅមាន​បណ្តា​ស្ថានីយទូរទស្សន៍​មួយចំនួន ដែល​ពុំទាន់​បាន​អនុវត្តតាម​ចំណុច​ដូចដែល​មានចែង​ក្នុង​សារាចរ​ហាមឃាត់ ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នោះ​នៅឡើយ​ទេ​។​ដូច្នេះ​ក្រសួង​ព័ត៌មាន​បាន​ព្រមាន​ថា បើ​ស្ថានីយទូរទស្សន៍​ណាមួយ នៅតែ​បន្ត​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ល្មើស​នឹង​ខ្លឹមសារ​ក្នុង​សារាចរ​នេះ​ជា​បន្តទៀត ក្រសួង​ព័ត៌មាន នឹង​ផ្អាក​ការផ្សាយ​របស់​ស្ថានីយ​នោះ​ជា​បណ្តោះអាសន្ន ចាប់ពី ២​សប្តាហ៍ ដល់​១ ខែ ហើយ​ឈានដល់​ការដកហូត​អាជ្ញាប័ណ្ណ​ទាំងស្រុង​ពី​ស្ថានីយ​នោះ ប្រសិនបើ​នៅតែ​ពុំ​រាងចាល​៕
ក្រសួងព័ត៌មាន

មតិយោបល់