សៀមរាបៈ ជារៀងរាល់ថ្ងៃ គេតែងសង្កេតឃើញ មានគោយន្ត ឡានតូរីស និងកាមេរី ជាច្រើនគ្រឿង បានកំពុងដឹកឈើប្រណីត និងឈើតាប់ ឈើគ្រឿង និងមានម៉ាស៊ីនកុងទ័រនឺ ជាច្រើនគ្រឿងទៀតដែលកំពុងធ្វើសកម្មភាពយ៉ាងរលួន។
ប្រភេទឈើទាំងអស់នោះ ត្រូវបានសង្កេតឃើញដឹកចេញពីភូមិចាន់ហៀ ភូមិរំចេក និងភូមិត្រពាំងស្វាយ ស្រុកស្វាយលើ ត្រូវបានឆ្លងកាត់រដ្ឋបាលព្រៃឈើទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដែលមានលោក នាយសង្កាត់ យ៉ាន់ ស៊ីវ៉ាត់ និង លោក ពៅ សោភ័ណ្ឌ (ហៅ១៩) គឺបានកំពុងបើកភ្លើងខៀវអោយពពួកឈ្មួញដឹកផលអនុផលព្រៃឈើយ៉ាងរីករាយហើយបណ្តែតបណ្តោយអោយកូនចៅដេកចងអង្រឹង អង្គុយសំកុកចាំយកតែលុយ ដាក់ហោប៉ៅមិនខ្វលពីការបាត់បង់ព្រៃឈើ ។
តាមការពិនិត្យជាក់ស្តែងឈើទាំងឡាយដែលកំពុងអារជ្រៀកយ៉ាងកងរំពងដោយម៉ាស៊ីនកុងទ័រនឺរនៅម្តុំភូមិចាន់ហៀ ភូមិរំចេក និងភូមិត្រពាំងស្វាយ ខេត្តសៀមរាប គឺមិនបានរំខានដល់ត្រចៀកសង្កាត់ព្រៃឈើទឹកលិច និងលោក យ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់ព្រៃឈើទឹកលិចនោះឡើយ ដែលត្រូវបានគេសង្ស័យថា សមត្ថកិច្ចទាំងនេះប្រហែលជាត្រូវថ្នាំសណ្តំ ទើបគ្មានវិធានការបង្ក្រាបទាល់តែសោះ។
មហាជនទូទៅងឿងឆ្ងល់ថា បទល្មើសព្រៃឈើដោយម៉ាស៊ីនអារជ្រៀក បានកើតឡើងយ៉ាងព្រោងព្រៀតនៅក្បែរឃ្លៀកលោក យ៉ាន់ ស៊ីវ៉ាត់ និង លោក ពៅ សោភ័ណ្ឌ (ហៅ១៩) ហេតុអ្វីមិនឃើញមានការបង្ក្រាប តើពួកគេទទួលសិទ្ធអំណាចជាមេព្រៃមានតួនាទីធ្វើអ្វីខ្លះ? តើលោក ទា គឹមសុទ្ធ ជានាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបមានជ្រាបឬទេ? ថាតើនៅក្នុងទឹកដីគ្រប់គ្រងជានាយករដ្ឋបាលព្រៃឈើស្រុកស្វាយលើដែលមានលោក យ៉ាន់ ស៊ីវ៉ាត់ និង លោក ពៅ សោភ័ណ្ឌ (ហៅ១៩) កំពុងធ្វើអ្វីខ្លះសព្វថ្ងៃ ពីព្រោះបទល្មើសព្រៃឈើ កំពុងដឹកយ៉ាងរលួនឆ្លងកាត់មេព្រៃទឹកលិច និងឆ្លងកាត់ស្រុកសូទ្រនិគមរហូតដល់ខេត្តសៀមរាបទៀត។
ប្រជាពលរដ្ឋ បានសំណូមពរឲ្យលោក ឆេង គឹមស៊ុន ប្រធានររដ្ឋបាលព្រៃឈើ មេត្តាពិនិត្យនូវទង្វើរបស់លោកមេព្រៃខេត្តសៀមរាបខ្លះផង ដោយសារតែសកម្មភាព កាប់បំផ្លាញព្រៃឈើ ទាំងការដឹកជញ្ចូន ផល អនុផលព្រៃឈើ បានធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ដោយពុំមានការខ្លាចញញើតច្បាប់បន្តិចសោះឡើយ។
ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់ថា មេព្រៃឈើស្វាយលើ អសមត្ថភាពក្នុងការបង្ក្រាបបទល្មើសព្រៃឈើ បានសុំការបំភ្លឺតាមទូរស័ព្ទទៅលោក ពៅ សុភ័ណ្ឌ លោកបានឆ្លើយមួយម៉ាត់យ៉ាងខ្លីថា លោកមានជំងឺ សម្រាប់ការដឹកជញ្ជូនឈើដោយខុសច្បាប់លោលមិនដឹងទេ៕
មតិយោបល់