ភ្នំពេញៈ រថយន្តម៉ាកម៉ែកសឺដែសសេរីទំនើបតំលៃរាប់ម៉ឺនដុល្លារជារបស់ថៅកែពេទ្យ ឯកជនកម្ពុជា ត្រូវបានតៃកុងឡានដែលមានអាការៈមិនស្រួលក៏ជាន់ហ្គៃយ៉ាងលឿនជ្រុលបុករថយន្តតាកូម៉ា កំពុងចតស្ងៀមបណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងហើយត្រូវបានអ្នកជិតខាងនាំគ្នាជួយលើកផ្ងារឡើងវិញដើម្បីជួយសង្គ្រោះអ្នកបើកបរនិងអ្នករួមដំណើរចេញមកខាងក្រៅ ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងក្រោយវត្តកោះ ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកម៉ែកសឺដែស (S៥០០ ) ពណ៌ខ្មៅ សេរីទំនើប តំលៃរាប់ម៉ឺនដុល្លារពាក់ស្លាកលេខ សីន(S៥០០ 4Matic) ដែលបើកបរដោយឈ្មោះសូត្រ សារឿន ភេទប្រុស អាយុ២៥ ស្នាក់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ជាតៃកុងរថយន្តរបស់ម្ចាស់ពេទ្យឯកជនយីហោកម្ពុជា ដោយមានថៅទាំង២នាក់ប្តីប្រពន្ធរួមដំណើរជាមួយ បានបើកបោះពួយតាមបណ្តោយផ្លូវលេខ៦៣ ពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែតៃកុងរូបនោះមានអាការៈមិនស្រួលខ្លួនស្រាប់តែងងឹតមុខសង្ស័យជំងឺលើសឈាមធ្វើទុក្ខស្រាប់ តែរេចង្កូតទៅបុករថយន្តឡិចស៊ីស៤៧០ មួយគ្រឿងដែលកំពុងធ្វើដំណើរតាមបណ្តោយជាមួយគ្នា រងការខូចខាតតិចតួច ហើយក៏ម្ចាស់រថយន្តឡិចស៊ី៤៧០រូបនោះមិនចង់មានបញ្ហាវែងឆ្ងាយក៏ជិះទៅបាត់ ។ចំណែករថយន្តម៉ាកម៉ែកសឺដែស សេរីទំនើបមួយគ្រឿងនោះ មិនបានឈប់ទទួលខុលត្រូវនោះទេគឺបានបន្តដំណើរទៅមុខទៀតពេលមកដល់ចំណុចកើតហេតុក៏បានបុកគូទរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-0799 និងរថយន្តហាយលែនឌ័រពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2V -3000 ចំនួន២គ្រឿង ដែលកំពុងចតស្ងៀម យ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តបង្ករក្រឡាប់ផ្ងារជើងឡើងលើហើយភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាជួយអន្តរាគមន៍ ដោយលើករថយន្តបង្ករក្រឡាប់មកវិញដើម្បី ទាញតៃកុងឡាន និងថៅកែ២នាក់ដែលអង្គុយនៅខាងក្រោយ ចេញមកវិញ ។ប៉ុន្តែតៃកុងរថយន្តបង្ករហេតុដែលមានអាការៈមិនស្រួលនិងសន្លប់ត្រូវបានកម្លាំងសមត្ថកិច្ចបានហៅរថយន្តសង្គ្រោះដើម្បីមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែដោយរថយន្តសង្គ្រោះនោះ មកយឺតពេកទើបគេដឹកតាមរថយន្តបាឡែនឆ្ពោះទៅពេទ្យតែម្តង ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៏ខណ្ឌ បានសហការជាមួយនគរបាលចរាចរណ៏រាជធានីភ្នំពេញ ចុះមកវាស់វែងនិងនាំរថយន្តទាំងនេះ យកទៅសម្រួលដោះស្រាយគ្នាដើម្បីបញ្ចប់បញ្ហាព្រោះថៅកែរបស់តៃកុងឡានបង្កហេតុរូបនោះបានចេញមុខព្រមសងគេទាំងអស់៕
មតិយោបល់