ខេត្តកំពង់ធំៈ កូនតិរិឆ្ឆានមិនបានចំម្រមសម្រើនគ្រួសារ មានតែបំផ្លាញ និងបង្ករភាពទុក្ខកង្វល់ដល់ម្តាយជាស្ត្រីមេម៉ាយ ហេតុការដែលនឹកស្មានមិនដល់នេះ បានធ្វើឲ្យប្រជាពលរដ្ឋ ខឹងសម្បាជំនួសម្តាយបង្កើតបុរសម្នាក់ ដែលកំពុងតែងុប ងល់និងល្បែង រករឿងម្តាយគ្មានពេលស្វាង ទីបំផុតជាប់ខ្នោះសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង។
តាមប្រភពពត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានយុវជនឈាមរាវម្នាក់ មិនខ្វល់ពីការរក ស៊ីប្រកបមុខរបរជួយក្រុមគ្រួសារទេ បែរជាចាប់យកល្បែងស៊ីសង ជល់មាន់ និងផឹកស្រា បង្ករភាពព្រួយបារម្ភណ៍ដល់ ម្តាយជាស្រីមេម៉ាយដែលមានឈ្មោះ ទាម ខន អាយុ ៥០ឆ្នាំមានមុខរបរលក់អ៊ីវ៉ាន់ចាបហួយ មានកូន៣នាក់ រស់នៅភូមិទ្រា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីល្ងាចថៃ្ងទី ១៩ ខែមករា ឆ្នាំ ២០១៥ ដោយបុរសជាកូនឈ្មោះ សែ ម៉ាំង អាយុ ៣១ឆ្នាំ បានរករឿងសុំលុយម្តាយទៅលេងល្បែងជន់មាន់ និងបៀអាប៉ោងជារៀងរាល់ថ្ងៃ ម្តាយចេះតែអោយជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃកើតហេតុកូនពៅសំណប់បានសុំលុយម្តាយទិញម៉ូតូ តែម្តាយដែលជាស្ត្រីមេម៉ាយ គ្មានលុយឲ្យ កូនប្រុសចិត្តតិរិឆ្ឆាន បានដុតតូបលក់ ទំនិញរបស់ម្តាយដែលនៅខាងមុខផ្ទះ រួចហើយក៏បានឡើងទៅផ្ទះរបស់ខ្លួនដុតកំទេចចោលតែម្តង។
តាមការឲ្យដឹងពីលោក វរៈសេនីយ៍ត្រី ឃុន ប៊ុនហូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង បានឲ្យដឹងថា នៅពេលល្ងាចថ្ងៃកើតហេតុ ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋ លោកបានដឹកនាំកំលាំង សហការជាមួយអធិការស្រុក ស្ទោង ចុះទៅចំនុចកើតហេតុ ពេលនោះជនដៃដល់កំពុងតែខឹងសម្បារជាមួយនឹងម្តាយ ហើយបានដុតតូបលក់អ៊ីវ៉ាន់ ចាបហួយឆេះម៉ត់ កាលពីវេលាម៉ោង ៤.៤៥នាទីល្ងាច រួចហើយជនដៃដល់ដែលជាកូន បានឡើងទីសម្ងំនៅលើផ្ទះ គំរាមមិនអោយសមត្ថកិច្ច ឬប្រជាពលរដ្ឋណាជួយពន្លត់ជាដាច់ខាត ដោយមានទាំងកាំបិទផ្គាក់ ចំពាមកៅស៊ូ និងរណា និងគំរាមដុតផ្ទះចោល ខណៈនោះកំលាំងសមត្ថកិច្ច បាននាំយករថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ ដេកចាំ១យប់ខ្លាចក្រែងជនដៃដល់ដុតផ្ទះបន្ថែមទៀត លុះដល់ម៉ោង ១០ព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៥ ជនដៃដល់បានយក សាំងស្រោចពេលផ្ទះ បំរ៉ុងដុត លោក ឃុន ប៊ុនហូ បានបន្តថា ខណៈកំលាំងបានបាញ់ទឹកភ្លាមៗចំជនដៃដល់ បណ្តាលឲ្យសើមដែកកេះអស់ ហើយជនដៃដល់បានបាញ់ជំពាមកៅស៊ូមកលើសមត្ថកិច្ចយើងជាច្រើនគ្រាប់ ទីបំផុតសមត្ថកិច្ចសម្រុកចូលចាប់ តែត្រូវបានលោតចុះតាមវាលស្រែ ហើយក៏ជាប់ខ្នោះតែម្តង។
ប្រជាពលរដ្ឋបានរិះគន់មកលើ កំលាំងសមត្ថកិច្ចស្រុកស្ទោង បញ្ហាទាំងនេះក៏ដោយសារតែអាជ្ញាធរ មានការណ្តែតបណ្តោយឲ្យមានការ លេងល្បែងស៊ីសង ដោយពុំមានការបង្ក្រាប ទើបបណ្តាលឲ្យមានការ ញៀនល្បែង បង្ករភាពអសន្តិសុខដល់សង្គម កូនលែងស្គាល់ម្តាយ ប្តីប្រពន្ឋបែកបាក់ ដោយសារតែល្បែង ក្នុងនោះគាត់បានសំណូមពរឲ្យ លោកអធិការស្រុកស្ទោង រឹតបន្តឹងល្បែងស៊ីសង និងកន្ទុយលេខ ជល់មាន់ ដើម្បីសេចក្តីសុខ សន្តិសុខក្នុងមូលដ្ឋាន៕
មតិយោបល់