សៀមរាប៖ បុរសម្នាក់ឈ្មោះ មិត ថាន រស់នៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ បាននិយាយថាលោកពិការជើងទាំងពីរអស់រយៈពេល៧ឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍ លោកបន្តទាំងស្រក់ទឹកភ្នែក កាលពី៧ឆ្នាំមុនរូបលោកបានជិះម៉ូតូ៣នាក់ ចេញមកពីភូមិចេក ឃុំពង្រលើ ឈ្ពោះទៅកាន់ទីលំនៅរបស់លោក។ ម្នាក់ឈ្មោះ សែ រស់នៅភូមិគ្រាំង ឃុំពង្រលើ ស្រុកជីក្រែងជាអ្នកបើកបរ ត្រូវស្លាប់ដោយបាក់ក ម្នាក់ទៀតឈ្មោះ សាន ខា រស់នៅភូមិគ្រាំង ឃុំពង្រលើ បច្ចុប្បន្នសសៃប្រសាទ។ ករណីនេះកើតឡើងនៅមុខសាលាដំណាក់ភូមិគ្រាំង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ភាគីម្ខាងទៀតជាកូនប្រសាររបស់ តាអាត ជាថៅកែទិញឈើធំបំផុតនៅក្នុងស្រុកជីក្រែង រស់នៅភូមិកំពង់ក្តី II ឃុំកំពង់ក្តី ស្រុកជីក្រែង បើកឡានដឹកខ្សាច់ ធ្វើរបងវត្តព្រះធិធាតុ។ ទន្ទឹមនឹងនោះដែរ ក៏មានប៉ូលីសចរាចណ៍ជើងគោករបស់ស្នាក់អធិការស្រុកជីក្រែង វាស់វែងវិនិច្ឆ័យ។ ប៉ុន្តែរហូតដល់ពេលនេះ ការវិនិច្ឆ័យពុំទាន់មានលទ្ធផលអ្វីមួយច្បាស់លាស់ បញ្ជាក់អោយពួកគាត់ឡើយ។ លោកបានបន្តក្រោយពេលពិការរយៈពេល៤ខែ ប្រពន្ធរបស់លោកបានរត់ទៅយកប្តីថ្មីទៀត ទុកអោយលោករស់នៅជាមួយកូនបួននាក់ នៅក្នុងវាលវដ្តសង្សារយ៉ាងវេទនា។ គាត់បន្លឺទៀតថា ចំពោះរូបគាត់ផ្ទាល់ រស់នៅយ៉ាងវេទនាជាងសត្វផ្ទះសំបែងដំបូលប្រក់មេឃ ជញ្ជាំងប្រក់ខ្យល់ ធ្វើអោយគាត់លែងចង់រស់ នៅលើលោកដ៏អយុត្តិធម៌មួយនេះ។ ប៉ុន្តែគាត់ព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះអនាគតកូនរបស់គាត់ទាំងបួនកំពុងតែសិក្សាហើយគាត់ខ្វះទាំងអាហារ ខ្វះទាំងថវិកា ដើម្បីអោយកូនរៀនសូត្រ។
រហូតមកដល់ពេលនេះ មានតែអង្គការមេត្តាករុណាបានផ្តល់កង់អោយលោកជិះមួយ (កង់សម្រាប់ជនពិការ) តាមសម្តីរបស់អ្នកស្រី ស្រី មុំ បុគ្គលិករបស់អង្គការមេត្តាករុណា និយាយតាមទូរស័ព្ទថា អង្គការរបស់អ្នកស្រីបានផ្តល់កង់សម្រាប់រុញទៅលោក មិត ថាន ពុំបានទទួលព័ត៌មានពីភូមិឃុំនោះទេ ដោយសារលោកមិតថានបានទៅដល់អង្គការរបស់អ្នកស្រីផ្ទាល់។ លោក មិត ថាន បាននិយាយថា សូមអោយកាកបាទក្រហម ឬសប្បុរសជនមមេត្តាជួយឧបត្ថមគ្រឿងឧបភោគ បរិភោគ និងថវិការដើម្បីផ្គត់ផ្គង់សម្រាប់កូនទាំងបួនរបស់លោកអោយបានសិក្សា នៅក្នុងសង្គមដែលកំពុងអភិវឌ្ឍន៍ ហើយនិងកំពុងតែត្រូវការធនធានមនុស្ស។ ករណីខាងលើនេះលោកកុញ ហ៊ត់ មេឃុំខ្វាវ បានបំភ្លឺតាមទូរស័ព្ទអោយដឹងថា លោកមិនបានដឹងអំពីបញ្ហានេះឡើយ៕
មតិយោបល់