ព័ត៌មានជាតិ

កុងតឺន័រ២គ្រឿងបុកគ្នា បណ្តាលឲ្យកៀបស្លាប់អ្នកបើកបរម្នាក់ និងពីរនាក់ទៀតរបួសធ្ងន់

ព្រះសីហនុ: នៅវេលាម៉ោង០៦ព្រឹកថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនធំចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ១៣៨-១៣៩ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកបើកបរម្នាក់កៀបជាប់ស្លាប់ក្នុងរថយន្ត និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាងរថយន្តកុងតឺន័រ ក្បាលពណ៌ស លាយបៃតង ម៉ាក HINO ពាក់ស្លាកលេខ ភ្នំពេញ 3A-2887 បុកប៉ះជាមួយរថយន្តកុងតឺន័រ ក្បាលពណ៌ ស ម៉ាក Frightliner ពាក់ស្លាកលេខ ព្រះសីហនុ 3A-1427 អ្នកបើកបរ (រត់គេចបាត់) ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យអ្នកបើកបរឈ្មោះ លី រ៉ាវី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្លាប់នៅនឹងកន្លែងកើតហេតុ ហើយអ្នករួមដំណើរក្នុងរថយន្ត HINO ចំនួន០២នាក់ រងរបួសមានឈ្មោះ
១-ឆាយ ឡែន ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅខេត្តព្រៃវែង រងរបួសស្រាល ត្រូវជាប្រពន្ធអ្នកបើកបរខាងលើ ។
២-ឯល សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅខេត្តព្រៃវែង រងរបួសស្រាល ។ បន្ទាប់ពីកើតហេតុ អ្នករងរបួសទាំង២នាក់ ត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។

ក្រោយពេលកើតហេតុ កម្លាំងអាវុធស្នាក់ការ សន្តិសុខ ៤០២ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកកំពង់សីលា បានចុះជួយអន្តរាគមន៍ ដើម្បីរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងបន្តដោះស្រាយតាមនីតិវិធី ៕

មតិយោបល់