ព័ត៌មានជាតិ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ប៉ុនប៉ង​សម្លាប់ ដោយ​លួច​បង្កៃ​គ្រាប់បែក​ក្នុង​ទូក​នេសាទ​

សៀមរាប​៖​ប៉ូលីស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្ចាស់ នៃ​ស្រុក​សូទ្រនិគម កំពុង​ស៊ើបអង្កេត​រកមុខ អ្នកពាក់ព័ន្ធ​ក្នុង​ការដាក់​បង្កៃ​គ្រាប់បែក​ដៃ ១​គ្រាប់ ដើម្បី​ប៉ុនប៉ង​សម្លាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​។​ការស៊ើបអង្កេត​ធ្វើឡើង បន្ទាប់ពី​គេ​ប្រទះ​ឃើញ​គ្រាប់បែកដៃ​១​គ្រាប់ ផលិត​នៅ​ប្រទេស​ចិន ត្រូវ​ជន​មិន​ស្គាល់មុខ លួច​ដាក់​បង្កៃ​នៅ​លើ​ទូក របស់​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ដែល​ដាក់​ទុក​ចោល​នៅ​តំបន់​ព្រៃ​លិច​ទឹក សម្រាប់​នេសាទ​ត្រី​។ មន្ត្រី​ប៉ូលីស​ឃុំ​ខ្ចាស់​មួយរូប ដែល​ទៅ​ពិនិត្យ​ហេតុការណ៍ មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​៦​ខែ​កុម្ភៈ​ថា គ្រាប់បែកដៃ ដែល​ជន​មិន​ស្គាល់​មុខ ដាក់​បង្កៃ​លើ​ទូក ដោយ​មាន​ចងខ្សែ​អំបោះ​នោះ​គឺ​ពិតជា​គំរោង​ប៉ុនប៉ង​ធ្វើ​ឃាត​មនុស្ស ពីព្រោះ​នៅ​តំបន់​នោះ​ពុំដែល​មាន​គ្រាប់​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ទេ​។ ((​កន្លែង​នោះ​មិន​ដែល​មាន​គ្រាប់​សេសសល់​ពី​សង្គ្រាម​ទេ ទាល់តែ​គេ​ដាក់​បាន​មាន​។​កន្លងមក​មិន​ដឹង​ថា​គាត់​មាន​រឿង​និង​អ្នក​ណា ប៉ុន្តែ​តាម​ការស្រាវជ្រាវ​គាត់​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ទេ​)) លោក កុយ សា​រៀន អាយុ​៦៣​ឆ្នាំ​នៅ​ភូមិ​យាង​ទេស ឃុំ​ខ្ចាស់ គឺជា​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ឃុំ​នោះ អះអាងថា លោក​បាន​ប្រទះឃើញ​គ្រាប់បែកដៃ​១​គ្រាប់ ដែល​ជន​មិន​ស្គាល់​មុខ​លួច​បង្កៃ ក្នុង​ទូក​របស់​លោក កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៥​ខែ​កុម្ភៈ​កន្លងទៅ នៅ​ពេល​លោក​រុញ​ទូក បំរុង​ចេញទៅ​នេសាទ​ត្រី​។​លោក​កុយ សា​រៀម បញ្ជាក់ថា​លោក​មិន​ដែល​មាន​ទំនាស់​មួយ​អ្នកណា​ទេ ក៏​ប៉ុន្តែ​លោក​មាន​អតីត​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​សហគមន៍​នេសាទ​ប្រចាំ​ភូមិ ហើយ​លោក​ទើបតែ​ចាកចេញ ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​៕​
IMG_0081

IMG_0055IMG_0058

មតិយោបល់