បាត់ដំបងៈ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅវេលាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ តាមបទបញ្ជារបស់ឯក ឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ព្រឿន ហៅខ្នួច ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមិងឫស្សី ខេត្តបាត់ដំបង មានភារកិច្ចជា ប្រជាការពារឃុំឬស្សីក្រាំង ដើម្បីធ្វើការស្រាវជ្រាវតាមជំនាញហើយ។
បើករណីស្រាវជ្រាវរកឃើញនូវអំពើល្មើសច្បាប់របស់គាត់ដោយពិតប្រាកដនោះ សមត្ថកិច្ចនគរបាលនឹងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់។
សូមជម្រាបជូនថាកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ មានករណីហិង្សាដោយចេតនាមួយ បានកើតឡើងបង្កដោយឈ្មោះខាងលើ បណ្តាលឲ្យបុរសវ័យចំណាស់ឈ្មោះ ហ៊ុន ខុម ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិឃុំខាងលើទទួលរងរ បួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ នាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
នៅពេលនេះឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបញ្ជាក់ជូនសាធារណៈជនជ្រាបថា រាល់អំពើល្មើសច្បាប់មិនថា អ្នកនោះជាប្រជាពលរដ្ឋ ឬជាសមត្ថកិច្ចអ្វីក៏ដោយ ត្រូវតែនាំខ្លួនទៅទទួលទោសកំហុស ដែលខ្លួនបានប្រព្រឹត្តិ នៅចំពោះមុខច្បាប់ ។ ជាមួយនេះឯកឧត្តមស្នងការ សូមគោរពថ្លែងអំណរគុណចំពោះការចូលរួមសហការពីសាច់ញាតិ ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ដែលបានចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលស្ទើរគ្រប់បញ្ហា ដែលកើតមានក្នុងមូលដ្ឋាន ហើយឯកឧត្តមនៅតែបន្តអំពាវនាវឲ្យមានការចូលរួមពីសាធាណៈជនបានច្រើន និងផុលផុសថែមទៀត ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមទាំងមូល ៕
មតិយោបល់