សៀមរាប៖ តាមរយៈក្រសួងសុខាភិបាល ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអញ្ញើញជាអធិបតី ក្នុងពិធីប្រគល់រថយន្តគិលានសង្គ្រោះចំនួន១០គ្រឿង ជូនដល់មន្ទីរសុខាភិបាលខេត្ត ដែលរថយន្តគិលានសង្គ្រោះទាំងអស់នេះ នឹងត្រូវចែងចែកឲ្យទៅបណ្តាមន្ទីរពេទ្យស្រុកប្រតិបត្តិនានាក្នុងខេត្តសៀមរាប បន្តទៀត ។
លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានរាយការណ៍ជូនអភិបាលខេត្តឲ្យបានជ្រាបថា ៖ កន្លងមកនេះ នៅក្នុងខេត្តសៀមរាបមានប្រើប្រាស់រថយន្តគិលានសង្គ្រោះចំនួន៣៥គ្រឿង ក្នុងនោះរួមមានរថយន្តគិលានសង្គ្រោះនៅតាមបណ្តាមន្ទីរពេទ្យបំរើសេវាសាធារណៈ ឬ ហៅថាមន្ទីរពេទ្យរដ្ឋនោះ មានចំនួន ២៥ គ្រឿង និងមានប្រើប្រាស់នៅតាមបណ្តាមន្ទីរពេទ្យឯកជន ចំនួន ១០គ្រឿង ។ ដោយឡែក រថយន្តគិលានសង្គ្រោះ ដែលទើបមកដល់ថ្មីៗចំនួន ១០គ្រឿង ជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងសុខាភិបាលនេះ មន្ទីរសុខាភិបាលខេត្តសៀមរាបត្រូវបានបែងចែក និង ប្រគល់ជូន មន្ទីរពេទ្យស្រុកប្រតិបត្តិក្រឡាញ់ ចំនួន១គ្រឿង ស្រុកប្រតិបត្តិ អង្គរជុំ ២គ្រឿង ស្រុកប្រតិបត្តិសៀមរាប ២គ្រឿង មន្ទីរពេទ្យស្រុកប្រតិបត្តិ សូទ្រនិគម ៣គ្រឿង និងត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ចំនួន ២ គ្រឿង ។
លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាកល្យាណមិត្តនៃកម្ពុជា ដែលជានិច្ចកាលមិត្តចិន តែងតែប្រគល់ជូនដល់ប្រជាជនកម្ពុជា នូវទឹកចិត្តដ៏ល្អបំផុត រួមទាំងលើសកម្មភាពមនុស្សធម៌ និងក្នុងក្របខណ្ឌនៃការផ្តល់ជំនួយដើម្បីអភិវឌ្ឍន៍ ។ លោក អភិបាលខេត្ត មានប្រសាសន៍មុនពេលប្រគល់កូនសោរថយន្តគិលានសង្គ្រោះជានិមត្តរូបនោះថា តាមរយៈនៃការផ្តល់អំណោយរថយន្តគិលានសង្គ្រោះទាំង១០គ្រឿងថ្មីនេះ វាពិតជាបានផ្តល់ឲ្យបណ្តាមន្ទីរពេទ្យស្រុកប្រតិបត្តិនានា រួមទាំងមន្ទីរបង្អែកខេត្តសៀមរាបផងដែរ មានលទ្ធភាពកាន់តែខ្ពស់ ក្នុងការដឹកជញ្ជូន សង្គ្រោះអ្នកជម្ងឺ ឲ្យរួមផុតពីក្តីមរណៈ ។ ឯកឧត្តមបានបន្តថា ៖ កន្លងមកនេះ យើងពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលជីវិតប្រជាជនជាអ្នកជម្ងឺក្តី ជាអ្នករងរបួសដោយគ្រោះថ្នាក់ផ្សេងៗក្តី ដែលអាចនឹងជួយសង្គ្រោះជីវិតបាន ក៏ប៉ុន្តែ បែប្រែស្ថានភាពជួយសង្គ្រោះនោះ ពីល្អទៅអាក្រក់ ធ្វើឲ្យអ្នកជម្ងឺ អាច នឹងទទួលសេចក្តីស្លាប់បាន ដោយសារតែខ្វះមធ្យោបាយដឹកជញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យ បានទាន់ពេលវេលា ។
លោកបានបញ្ជាក់ថា យោងតាមស្ថានភាពដែលយើងធ្លាប់បានឆ្លងកាត់មកខាងលើ រថយន្តគិលានសង្គ្រោះនេះ វាពិតជាមានឧត្តមប្រយោជន៍ខ្លាំងណាស់ ក៏ប៉ុន្តែអ្នកគ្រប់គ្រង និងអ្នកបើកបររថយន្តនេះ ក៏ត្រូវតែមានក្រមសីលធម៌ វិជ្ជាជីវៈ ទាំងសមត្ថភាពបើកបរ និង មនសិកា ជាអ្នកអាជីពបើកបររថយន្តគិលានសង្គ្រោះ យ៉ាងពិតប្រាកដផងដែរ ៕
ព័ត៌មានជាតិ
មតិយោបល់