ភ្នំពេញ ៖ នគរបាល ខណ្ឌចំការមន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានបង្ហាញមុខ ជនសង្ស័យ ប្រុសស្រី ៣នាក់ បន្ទាប់ពីបានបង្ក្រាប ក្នុងករណីលួច និងប្លន់ ដាច់ដោយឡែកពីគ្នា ក្នុងភូមិសាស្ត្រ ខណ្ឌចំការមន ។
ជនសង្ស័យទាំងបីនាក់ ដែលត្រូវបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន នាថ្ងៃទី៩ ខែកុម្ភៈ នេះ ទី១.ឈ្មោះ ភួង សុភ័ក្រ ហៅភួង រដ្ឋា ត្រូវបានឃាត់ខ្លួន ក្នុងករណីប្លន់ម៉ូតូ ដោយប្រើប្រាស់អាវុធ, ទី២.ឈ្មោះ អ៊ូ រ៉ាឌី ត្រូវបានឃាត់ខ្លួនក្នុងករណី លួចគាស់របងផ្ទះប្រជាពលរដ្ឋ ចូលយកសំភារៈ និងទី៣.ឈ្មោះ សម ស្រីល័ក្ខ ត្រូវបានឃាត់ខ្លួននៅកោះពេជ្រ បន្ទាប់បានបន្លំលួច យកការបូប ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ជនសង្ស័យ ភួង សុភ័ក្រ ភេទប្រុស អាយុ២៦ ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំភូមិ ក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានឃាត់ខ្លួនៅថ្ងៃទី៧ ខែកុម្ភៈ នៅម៉ោង ៣និង១៥នាទី រំលងអាធ្រាត្រ នៅចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន ខណៈជននេះ និងបក្ខពួក៥នាក់ ផ្សេងទៀត បានធ្វើសកម្មភាព ប្រើប្រាស់អាវុធប្លន់ម៉ូតូ ប្រជា ពលរដ្ឋ រួមនិងបានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច។ នៅមុនហេតុការណ៍ប្លន់ ជនរងគ្រោះបីនាក់ បានជិះ ម៉ូតូសេ១២៥ សេរី១២៥ ពីក្លឹបវ៉ើលដាន់ លុះមកដល់មុខមន្ទីរពេទ្យរុស្ស៊ី ភួង សុភ័ក្រ និងបក្ខពួក ៥នាក់ ទៀត បានជិះម៉ូតូ៣គ្រឿង តាមក្រុមជនរងគ្រោះ ដោយកៀរស្ទាក់ពីមុខពីក្រោយម៉ូតូ រួច ភួង សុភ័ក្រ បានដកអាវុធខ្លីភ្ជង់ ភ្លាមនោះម្ចាស់ម៉ូតូ បានផ្តួលម៉ូតូរត់គេចចេញ តែត្រូវជនសង្ស័យម្នាក់ទៀតឈ្មោះ សិទ្ធ បានចុះពីម៉ូតូ ដកអាវុធខ្លី វាយក្បាលបែកឈាម ហើយក៏យកម៉ូតូជនរងគ្រោះជិះទៅ។ ភ្លាមនោះនគរបាលល្បាត មកដល់រួចឈានដល់ការ ផ្ទុះអាវុធបាញ់តដៃគ្នា ទីបំផុតកម្លាំង នគរបាល បានឃាត់ខ្លួន ភួង សុភ័ក្រ ហើយបានដកហូតអាវុធខ្លី១ដើម ម៉ាកK54 និងម៉ូតូម៉ាកនិចមួយគ្រឿងទៀត ឯបក្ខពួកមួយចំនួនទៀតក៏រត់គេចខ្លួនបាត់ ។
ឯជនសង្ស័យ អ៊ូ រ៉ាឌី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៨ ខែកុម្ភៈ នៅម៉ោង៤និង៣០នាទី ទៀបភ្លឺ ខណៈកំពុងធ្វើសកម្មភាពហែកចំរឹងឃ្លាំងលេខ៦ ក្នុងសង្កាត់ ទំនប់ទឹក ក្នុងបំណងចូលលួចសំភារៈ តែត្រូវប្រជាពលរដ្ឋនៅក្បែរនោះបានឃើញទាន់ ហើយបាន ប្រាប់ទៅម្ចាស់ឃ្លាំង ដើម្បីហៅសន្តិសុខមកមើល ក៏ឃើញរបងចំរឹងចំហរ ក៏រាយការបន្តទៅសមត្ថកិច្ច។ ខណៈមកដល់កម្លាំងសមត្ថកិច្ច និងសន្តិសុខឃ្លាំងលេខ៦ ក៏បានចាក់សោរឃ្លាំងចូលមើល ក៏ឃើញ អ៊ូ រ៉ាឌី កំពុងសំងំលាក់ខ្លួននៅក្នុងឃ្លាំង ហើយក៏នាំខ្លួនមកកាន់នគរបាលប៉ុស្តិ៍ទំនប់ទឹក ដើម្បីកងសាង សំណុំរឿង បញ្ជូនបន្ត។ ឯជនសង្ស័យចុងក្រោយ សម ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវរទេះភ្លើង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៨ ខែកុម្ភៈ នៅម៉ៅង៨យប់ បន្ទាប់ពីបានធ្វើ សកម្មភាពលួចកាបូបស្ពាយមិនបានសម្រេច ក្នុងអគារតាំងពិព័រណ៍កោះពេជ្រ ។
នៅម៉ោងប្រមាណ ៨យប់ ជនរងគ្រោះ និងក្រុមគ្រួសារ បាននាំគ្នាមកទិញសំភារៈនៅមជ្ឈមណ្ឌលកោះពេជ្រ ហើយក៏បានទៅ ស្តង់ លេខ M150 ស្រាប់តែ ស្រីល័ក្ខ យកកន្សែងពណ៌ស មកបាំងហើយយកដៃបើកកាបូប ក្នុងគោលបំណង លួចយកសំភារៈ ប៉ុន្តែត្រូវជនរងគ្រោះដឹងខ្លួនទាន់រួចចាប់ខ្លួន ប្រគល់ជូនសមត្ថកិច្ចសង្កាត់ទន្លេបាសាក់៕
មតិយោបល់