ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុននឹងជួយកម្ពុជាបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ: នៅក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីរសៀលទី២០ ខែកញ្ញានេះ សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក គីយួស៊ី អូដាវ៉ារ៉ា បានជំរាបជូនថា ដំណើរទស្សនកិច្ចលើកទី១ របស់លោកមកកាន់កម្ពុជានាពេលនេះ លោកសង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនច្រើន ជាពិសេសរាជធានីភ្នំពេញតែម្តង ជាពិសេសលោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុនរូបនេះ បានសន្យាថានឹងជួយកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស។

លោកបានចាត់ទុកថា ប្រទេសកម្ពុជា ជាប្រទេសមួយដ៏សំខាន់ក្នុងតំបន់អាស៊ាន ហើយរដ្ឋាភិបាលជប៉ុនក៏បានយកចិត្តទុកដាក់ណាស់ ចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់។ ជាងនេះទៅទៀត លោក អូដាវ៉ារ៉ា បានសន្យាថានឹងជួយកម្ពុជា តាមរយ:ការផ្តល់នូវរថយន្តក្រុង, វិស័យស្បៀងអាហារ, បញ្ហដោះមីន, ការអភិវឌ្ឍធនធានមនុស្សជាដើមផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្រោយជំនួបទ្វេភាគីនេះ។

នៅក្នុងជំនួបនេះដែរ លោក អូដាវ៉ារ៉ា ក៏បានជំរាបជូនផងដែរថា ដំណើរទស្សនកិច្ច របស់លោក មកកាន់កម្ពុជានាពេលនេះ គឺដើម្បីបានឃើញប្រទេសកម្ពុជាផង និងដើម្បីចូលរួមសម្ពោធមន្ទីរពេទ្យជប៉ុន សាន់រ៉ាយស៍ ដែលជាការវិនិយោគរួមគ្នា របស់រដ្ឋាភិបាលជប៉ុន និងវិស័យឯកជនផង។ ដោយមន្ទីរពេទ្យនេះគឺជាចំណែកមួយ ក្នុងការពង្រីកឈានចេញមកក្រៅ លើវិស័យសុខាភិបាលរបស់ជប៉ុន។ ទន្ទឹមនេះលោក អូដាវ៉ារ៉ា បានសម្តែងការរីករាយនិង ថ្លែងអំណរគុណ សម្តេចតេជោ ចំពោះការគាំទ្រនិងជម្រុញការហោះហើរត្រង់ រវាងជប៉ុននិងកម្ពុជា។

តាមរយ:ការហោះហើរត្រង់នេះ នឹងទាក់ទាញអ្នកវិនិយោគជប៉ុន និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា កាន់តែខ្លាំងឡើងថែមទៀត។ នៅក្នុងឱកាសជួបពិភាក្សានេះ លោក អូដាវ៉ារ៉ា ក៏បានផ្តាំផ្ញើរការសួរសុខទុក្ខពីលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ជូនសម្តេចតេជោ ហ៊ុន សែន ផងដែរ។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កាអភិវឌ្ឍរបស់កម្ពុជាឈានមកដល់ពេលនេះ មិនអាចកាត់ផ្តាច់ពីភាគីជប៉ុនបានឡើយ ទាំងការផ្តល់ជំនួយនិង ការជួយក្នុងដំណើរការស្វែងរកសន្តិភាព នៅកម្ពុជា។ សម្តេចតេជោ បានថ្លែងអំណរគុណជូនចំពោះ លោក អូដាវ៉ារ៉ា ជាពិសេសចំពោះការផ្តាំសួរសុខទុក្ខ ពីលោក ស៊ិនហ្សូ អាបេ ជូនចំពោះសម្តេចផ្ទាល់។

សម្តេចក៏បានថ្លែងអំណរគុណផងដែរ ដល់រដ្ឋាភិបាលជប៉ុនដែលបានជួយដល់កម្ពុជា ក្នុងការកាត់បន្ថយគម្លាត់រវាងកម្ពុជា-អាស៊ាន ក្នុងក្របខណ្ឌតំបន់។ ជាក់ស្តែងការជួយតាមរយ:ការកសាងស្ពានអ្នកលឿង ដែលជាសាក្ខីភាពជម្រុញការតភ្ជាប់រវាង ថៃ-កម្ពុជា-វៀតណាមតែម្តង។ ចំណែកការហោះហើរត្រង់រវាងជប៉ុននិងកម្ពុជា គឺជាការតភ្ជាប់ខាងផ្លូវអាកាស ដែលមិនត្រឹមតែជម្រុញរវាងអ្នកវិនិយោគ និងអ្នកវិនិយោគ រដ្ឋាភិបាលនិងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញឲ្យមានភាពជិតស្និទរវាងប្រជាជននិងប្រជាជនទៀតផង៕

photo_2016-09-20_20-44-15

photo_2016-09-20_20-44-19

photo_2016-09-20_20-44-21

photo_2016-09-20_20-44-23

photo_2016-09-20_20-44-25

photo_2016-09-20_20-44-27

មតិយោបល់