ភ្នំពេញ៖ តារាសម្តែងមុខស្រស់កូនកាត់បីសាសន៍ បារាំងចិនខ្មែរ សាច់សម៉ដ្ឋរលោង ទ្រលុកទ្រលន់ កញ្ញា ហេង ស្រីពេជ្រ ដែលត្រូវបានគេស្គាល់នាងតាមរយៈការសម្តែង ជាតួបង តួជំទាវ និងតួម្តាយ កំពុងតែត្រូវប៉ាន់ រកពេលសម្រាកគ្មាន ដោយផលិតកម្មក្នុងស្រុក ជាច្រើនសម្រុកហៅនាងឲ្យថត រដឹកដជាប់គ្នា ចូលមកដល់ឆ្នាំ ២០១៥នេះ ។
ចូលមកដល់ឆ្នាំ ២០១៥ នេះ រាសីរបស់ កញ្ញា ហេង ស្រីពេជ្រ ចាប់ផ្តើមឡើងស្រឺតៗ និងជោគជ័យគួរឲ្យកត់សម្គាល់ ដោយមានផលិតកម្មក្នុងស្រុក ចំនួន ៦ ហៅនាងឲ្យថតខារ៉ាអូខេ ជាបន្តបន្ទាប់ និងកំពុងជាប់កុងត្រាថតរឿងចំនួន ៣ ឲ្យស្ថានីយ៍ទូរទស្សន៍ ៣ផ្សេងគ្នាផងដែរ ។ ផលិតកម្មចំនួន ៦ ដែល ហេង ស្រីពេជ្រ ចូលរួមថតឲ្យរួមមាន ផលិតកម្ម សាន់ដេ ថោន ហង្សមាស Diamnond Music HD Production និងផលិតស្ទឹងសែន ។ដោយឡែកភាពយន្តចំនួន ៣ ដែលនាងកំពុងជាប់ដៃកុងត្រា មានរឿង “កម្លោះខ្ញុំនរណាសង” របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ដោយនាងដើរតួជាជំទាវ រឿង “កម្លោះក្តាមប្រៃ កញ្ញាស្បៃជ្រក់” របស់ស្ថានីយ៍ទូរទស្សន៍ ETV ដើរតួជាជំទាវ និងរឿង “កំពូលអ្នកលេង” របស់ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៩ ដើរតួជាម្ចាស់ហាងលក់គុយទាវ និងរឿងចាស់ៗដែលថតមិនទាន់ចប់ជាច្រើនទៀត។
ក្រៅពីការថតខារ៉ាអូខេ និង ភាពយន្ត ស្រីស្រស់សម្តីចាក់ទឹកមិនលេច ប្រកបដោយភាពទាក់ទាញ និងរួសរាយ ក៏ជាប់ដៃ ថតស្ពតឲ្យ ធានាគារ FTB ដោយសម្តែងជាលក់មាសនៅផ្សារថ្មី និងទឹកផ្លែឈើ Freshy ផលិតស្ពតដោយ ស្ថានីយ៍ទូរទស្សន៍ហង្សមាស។ នេះបើតាមសម្តីរបស់នាងបានប្រាប់ដល់សារព័ត៌មាន ដំណឹង បន្ទាប់ពីអ្នកសារព័ត៌មានយើងខលទៅសម្ភាស កាលល្ងាចថ្ងៃទី ២ ខែ មីនា នេះ ។
ហេង ស្រីពេជ្រ បានបន្តថា ក៏មានស្ថានីយ៍មួយចំនួនទៀត បានហៅនាងកុងត្រាថតរឿងផងដែរ ក៏ប៉ុន្តែដោយជាប់កុងត្រាថតរឿង ៣ ខាងលើ មិនអាចទទួលសំណើរនោះទេ រហូតដល់ចូលឆ្នាំថ្មីរួច ទើបនាង នឹងទទួលយកសំណើរទាំងនោះ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរនាងក៏សូមអរគុណយ៉ាងច្រើន ដល់ស្ថានីយ៍ទូរទស្សន៍ ក៏ដូចជា បណ្តាលផលិតកម្ម នានាដែលផ្តល់ឱកាសឲ្យនាងបង្ហាញវត្តមានថតរឿង និង ខារ៉ាអូខេ កន្លងមក បើគ្មានផលិតកម្ម និងស្ថានីយ៍ទូរទស្សន៍ទាំងនោះ បូករួមនឹងអ្នកគាំទ្រ ធ្វើម៉េចខ្ញុំមានថ្ងៃនេះទៅ ។ ជាមួយនឹងឱកាសទាំងនេះ វាជាអ្វីដែលនាងប៉ងប្រាថ្នាតាំងពីក្មេងវ័យ ទោះបីដើរតួតូចអ្វី ក្នុងខារ៉ាអូខេ និងរឿង ក៏នាងព្រមដែរ ព្រោះតែស្រលាញ់សិល្បៈតាំងពីតូច និងភាពអត់ធ្មត់តស៊ូ គោរពពេលវេលារបស់នាងទើបនាង ឈានជើងដល់ចំណុចកំពូល ។ ម្យ៉ាងវិញទៀត បើសិនជាមានចំណុចខ្វះខាត ចន្លោះត្រង់ណាមិនសមរម្យ សូមផលិតកម្ម នានា និងអ្នកគាំទ្រ ជួយរិះគន់ក្នុងន័យស្ថាបនាដល់នាងខ្ញុំផង។
នាងបានបន្ថែមទៀតថា មូលហេតុ ដែលភាគច្រើន គេហៅនាងជាជំទាវ វាគ្រាន់តែជារឿងក្រៅឆាក ដោយគេហៅនាងទៅតាមអ្វីដែលបានឃើញ ក្នុងឈុតសម្តែងខារ៉ាអូខេ និងសាច់រឿង តែប៉ុណ្ណោះ បន្ទាប់ពីអ្នកដឹកនាំរឿងនិងខារ៉ាអូខេ ឃើញសាច់នាងស ទ្រលុកទ្រលន់ មើលទៅសាកសម ជាជំទាវ ទើបឲ្យដើរតួយ៉ាងនេះ ។នាងបាននិយាយទាំងលេងសើចទៀតថា បើសិនជាតួជំទាវ ដែលនាងសម្តែង ក្នុងពេលបច្ចុប្បន្ន វាក្លាយជារឿងពិតក្នុងឆាកជីវិតមែន មិនដឹងថារីករាយប៉ុណ្ណានោះទេ។
នៅពេលដែលសួរពីរឿងបេះដូងវិញ តារាមុខស្រស់ សាច់សម៉ដ្ឋរលោង ដែលធ្វើឲ្យប្រុសៗជ្រួលជ្រើម បានថ្លែងទាំងអារម្មណ៍ក្តុកក្តួលថា បន្ទាប់ពីមានរឿងស្នេហា មិនសមប្រកបកន្លងមក ជាមួយនឹងអនិកជនក្រៅស្រុក ឈានដល់ថ្នាក់លេបថ្នាំសម្លាប់ខ្លួន មិនបានសម្រេចមក ក៏នាងបិទ្វារបេះដូងពីពេលនោះមក អស់រយៈពេល ៣ឆ្នាំ ដោយបង្វែរអារម្មណ៍ស្រលាញ់ក្រុមគ្រួសារ និងការងារជាធំ ដោយឈប់គិតរឿងស្នេហាប្រកានឋានៈ ។
នាងបានប្រាប់អ្នកសារព័ត៌មានបន្តថា ក្នុងឆ្នាំថ្មីនេះនាង បានត្រៀមខ្លួនទទួលយកអ្វីដែលល្អ រួមទាំងការងារ និងចំហរបេះដូង ទទួលយកបុរសដែលស្រលាញ់នាង និងក្រុមគ្រួសារនាង ពិតប្រាកដ ដោយមិនប្រកាន់វណ្ណៈ បន្ទាប់ពីបិទទ្វារបេះដូងអស់រយៈពេល ៣ ឆ្នាំកន្លងមក ៕
នៅខាងក្រោមនេះដែរជាសកម្មភាព ហេង ស្រីពេជ្រ ថតរឿង និងខារ៉ាអូខេ ដើមឆ្នាំ ២០១៥ ៖
ភាពយន្ត”កម្លោះខ្ញុំនរណាសង” របស់ស្ថានីយ៍ទូរទស្សន៍ បាយ័ន៖
ភាពយន្ត “កម្លោះក្តាមប្រៃ កញ្ញាស្បៃជ្រក់” របស់ស្ថានីយ៍ទូរទស្សន៍ ETV៖
រឿង “កំពូលអ្នកលេង” របស់ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៩
សកម្មភាពថតស្ពតឲ្យធនាគារ FTB៖
សកម្មភាពថតស្ពតឲ្យទឹកផ្លែឈើ Freshy៖
សកម្មភាពថតចម្រៀងខារ៉ាអូខេ៖
មតិយោបល់