(ឡុងដ៍)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានទទួលស្គាល់ថារុស្ស៉ីពិតជាខាតបង់កងទ័ពធ្ងន់ធ្ងរមែន ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ប៉ុន្តែច្រានចោលការចោទប្រកាន់ជុំវិញការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមដោយ កងទ័ពរុស្ស៉ី។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ឌីមីទ្រី ប៉េសកូវ បាននិយាយដោយសង្ឃឹមដែរថា ប្រតិបត្តិការយោធារបស់រុស្ស៉ីអាចនឹងសម្រេចគោលដៅរបស់ខ្លួន នៅប៉ុន្មានថ្ងៃខាងមុខនេះ។
លើសពីនេះទៅទៀត លោក ប៉េសកូវ ក៏បានច្រានចោលផងដែរការចោទប្រកាន់របស់អ៊ុយក្រែន និងបណ្ដាប្រទេសលោកខាងលិចថាកងទ័ពរុស្ស៉ី ប្រព្រឹត្តឧកិ្រដ្ឋកម្មសង្រ្គាម។ លោកបានបញ្ជាក់ដូច្នេះថា «យើងសូមបដិសេធថាយោធារុស្ស៉ីមិនបានប្រព្រឹត្តអំពើឃោរឃៅណាមួយនោះទេ ហើយ រូបភាពជនស៊ីវិលដេកស្លាប់នៅតាមផ្លូវក្នុងទីក្រុងប៊ូចា គ្រាន់តែជាឈុតឆាកដែលត្រូវបានរៀបចំឡើងតែប៉ុណ្ណោះ»។
នៅពេលត្រូវបានសាកសួរពីចំនួនកងទ័ព រុស្ស៉ី និងជនស៊ីវិលដែលបានស្លាប់អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថាលោកមិនចង់ឆ្លើយសំណួរ ពាក់ព័ន្ធនឹង ចំនួនជនស៊ីវិលស្លាប់ទេ ព្រោះមិនទាន់ ត្រូវបានបញ្ជាក់ទាំងស្រុង ប៉ុន្តែលោកទទួលស្គាល់ថារុស្ស៉ីពិតជាខាតបង់កងទ័ពធ្ងន់ធ្ងរពិតមែន៕
ប្រភព៖ Sky news
មតិយោបល់