ភ្នំពេញៈ ក្រុមអ្នកជំនួញជាតិ និងអន្តរជាតិ លើកផ្នែកអចលនទ្រព្យ បានធ្វើការជួបជុំគ្នា កាលពីរាត្រីទី៣១ខែសីហានេះ ដើម្បីប្រឹក្សាយោបល់លើការវិនិយោគអគារខុនដូរប្រណិតៗក្នុងរាជធានីភ្នំពេញ និងធ្វើកិច្ចសហប្រតិបត្តការគ្នាលើការកសាងអគារខុនដូរបន្ថែមនៅក្នុងប្រទេសកម្ពុជា។
លោក ស៊ូហុង ស៊ូជីវី ជាជំនួយការអគ្គនាយកកម្មវិធី The Penthouse Residence បានឱ្យដឹងថាដើម្បីឆ្លើយតបទៅនិងការអភិវឌ្ឍរីកចំរើនគួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា ក្នុងសម័យទំនើបដែលអ្នកមានលទ្ធភាពភាគច្រើនគេនិយមរស់នៅបែបទំនើប ទាន់សម័យ ពិសេសការនិយមរស់នៅអគារខុនដូរខ្ពស់ៗកប់ពពកនោះ ក្រុមអ្នកជំនួញលើផ្នែកអចលនទ្រព្យមកពីជាង៦០ក្រុមហ៊ុន រួមទាំងក្រុមហ៊ុនអន្តរជាតិផងនោះ ក៏បានបង្កើតកម្មវិធីជួបប្រជុំគ្នាបង្កើនកិច្ច សហប្រតិបត្តិការធ្វើឱ្យវិស័យនេះកាន់តែមានសន្ទុះនិងរីកចំរើនថែមទៀត។
ជាមួយគ្នានោះលោកក៏បានបង្ហាញពីការដំណើរការនៃការកសាងអគារ The Penthouse Residence កំពស់៣៦ជាន់ ដែលគិតពីពេលចាប់ផ្តើមបុកគ្រឹះសម្ពោធបើកការសាងសង់មកដល់ពេលនេះ បានដំណើរការយ៉ាងសកម្ម ពោលគឺមិនដល់២សប្តាហ៍ទៀតទេការកសាងគ្រឹះនឹងត្រូវបញ្ចប់ជាស្ថាពរ។ ចំណែកឯការដាក់លក់វិញ គឺបានលក់អស់ជាង៥០%ហើយ។
លោកថា ការលក់ដាច់បានច្រើនបែបនេះ ក៏ដោយសារអាគារខុនដូរមួយនេះមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ រុំព័ន្ធទៅដោយអគាពាណិជ្ជកម្ម មណ្ឌលកំសាន្ត ផ្សារទំនើប ជាប់មាត់ទន្លេ សមជាទីឋានដែលអ្នកមានធនធានរស់នៅ ពិសេសការនិយមពីសំណាក់ជនបរទេស ក្នុងនោះមានជនបរទេសប្រមាណ៣០%បានទិញអគារខុនដូរនេះផងដែរ៕
មតិយោបល់